(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាក្នុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ បានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ក្នុងការជំរុញឱ្យមានបរិយាកាសល្អសម្រាប់ដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ។
ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា អញ្ជើញធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលនៃការចូលរួមរបស់ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តិ ទៅនៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាពេលថ្មីៗនេះ នៅ ទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។
ឯកឧត្ដម គង់ ភោគ បានមានប្រសាសន៍ថា តាំងពីដើមមក ជំហររបស់កម្ពុជាធ្វើយ៉ាងណាបង្កើតឱ្យមានបរិយាកាសមួយដែលមានអំណោយផល ដែលប្រទេសផ្សេងៗទៀតបន្តកាន់តួនាទីជាប្រធានអាស៊ាន ជាប្រេសិតពិសេសអាចពឹងផ្អែកទៅលើការរីកចម្រើនដែលយើងទទួលបាន ហើយបន្តការរីកចម្រើនបន្ថែមទៀតសម្រាប់មីយ៉ាន់ម៉ា ។
ឯកឧត្ដម គង់ ភោគ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា«ទាំងអស់គ្នាត្រូវទទួលស្គាល់ការពិតមួយគឺថា បញ្ហានៅមីយ៉ាន់ម៉ា នៅតែត្រូវការពេលវេលា អ៊ីចឹងអ្វីដែលកម្ពុជាខិតខំប្រឹងប្រែងធ្វើគឺដើម្បីបង្កើតបរិយាកាសមួយអំណោយផលដែលមិនត្រឹមតែកម្ពុជាទេ ប្រទេសដទៃទៀត អាចយកទៅប្រើប្រាស់ដើម្បីជាមូល ដ្ឋានសម្រាប់បង្កើតការរីកចម្រើនថ្មីបន្តទៀត» ។
បើតាម ឯកឧត្ដម គង់ ភោគ គំនិតផ្ដួចផ្ដើមធំៗមួយចំនួនដែលយើងបានធ្វើហើយៗត្រូវបានបន្តយក មកប្រើប្រាស់ឧទាហរណ៍ដូចជា៖ សេចក្ដីសម្រេចនៃការពិនិត្យឡើងវិញ របស់ថ្នាក់ដឹកនាំកំពូលស្ដីពីការអនុ វត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ជាពិសេសសមាជិកទាំង៤ ពាក់ព័ន្ធការប្រើប្រាស់វិធីសាស្ត្រផ្សេងៗ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំង៥ចំណុច ហើយឈ្មោះឯកសាររបស់យើងឃើញមាននៅក្នុងសេចក្ដីថ្លែងការណ៍ធំៗ ដូចជាសេចក្ដីថ្លែងការរួមជាដើម ។
ដើម្បីធានាបាននូវនិរន្តរភាពនៃការពាក់ព័ន្ធរបស់អាស៊ាន កាលពីឆ្នាំ២០២២ កម្ពុជាក្នុងនាមប្រធានអា ស៊ាន បានរៀបចំឱ្យមានយន្តការ Troika របស់អាស៊ាន ។
Troika នេះបានន័យថា ប្រធានអាស៊ានមុន ប្រធានបច្ចុប្បន្ន និងប្រធានបន្ទាប់ ដើម្បីចូលរួមដឹកនាំសកម្មភាពរបស់អាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលគោលដៅចម្បងរបស់កិច្ចព្រមព្រៀងនោះ គឺជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ ។
នេះគឺដោយសារតែកម្ពុជាជឿថា បញ្ហាមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ និងទាមទារដំណោះស្រាយរយៈពេលវែង។ ការងារនេះមិនមែនជាកិច្ចការ ដែលអាចបញ្ចប់ក្នុងអាណត្តិមួយឆ្នាំរបស់ប្រេសិតពិសេសនោះទេ ឬក៏ក្នុងអាណត្តិប្រធានអាស៊ានតែមួយអាណត្តិនោះដែរទេ ជាក់ស្តែងការសម្រេចរៀបចំកិច្ចប្រជុំពិសេសនៃមេដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតា កាលពីពេលកន្លងទៅ ដែលបានចេញនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចនោះ បានបញ្ជាក់ថា អាស៊ានទាំងអស់គ្នាយល់ពីភាពស្មុគស្មាញនៃបញ្ហានេះ ហើយក៏បានឯកភាពគ្នាលើកគោលដៅដើម្បីជួយមីយ៉ាន់ម៉ា ៕
