ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងមនោសញ្ចេតនារីករាយសប្បាយជាមួយមាតា បិតា អាណាព្យាបាលរបស់សិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សាពីសាលាភ្នំពេញម៉ុនតេសសូរីអន្តរជាតិ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ បានគូសបញ្ជាក់ថា ជាសច្ចភាព យើងទាំងអស់គ្នាកំពុងជ្រកក្រោមម្លប់សុខសន្តិភាពនិងការអភិវឌ្ឍ ហើយជំនាន់របស់ចៅៗមានសំណាងណាស់ដោយទទួលបាននូវការសិក្សាប្រកបដោយគុណវុឌ្ឍនិងពោរពេញដោយនវានុវត្តភាព។

បន្ថែមពីលើនេះ ការសិក្សានៅសាលាភ្នំពេញម៉ុនតេសសូរីអន្តរជាតិជាការបំពេញពុទ្ធិភាសាបរទេសរួមជាមួយការបង្កើនសមត្ថភាពកាន់តែស៊ីជម្រៅលើភាសាជាតិរបស់យើង។ សិស្សទាំងអស់គឺជាអ្នកបន្តវេន ជាទំពាំងស្នងឬស្សី ជាកុលបុត្រកុលធីតានាសករាជតេជោដ៏រុងរឿង។

លោកជំទាវបានបន្ថែមថាយើងទាំងអស់គ្នាមានទំនុកចិត្តពេញទំហឹងនៅក្នុងវិស័យអប់រំនៅកម្ពុជា ហើយធ្វើការដើម្បីលើកស្ទួយស្មារតីជាតិ។ ការយល់ដឹងល្អនិងទំនុកចិត្តរឹងមាំនៅក្នុងប្រព័ន្ធអបរ់ំនៅកម្ពុជា គឺជាតម្រូវការជាមុនសម្រាប់បង្កើនធនធានមនុស្សដល់ជាតិ និងបង្កើតប្រាក់ចំណូលដល់ខ្លួនឯង។

ទំនុកចិត្តលើប្រព័ន្ធអប់រំនេះគឺជាមូលដ្ឋានចាក់ឫសយ៉ាងជ្រៅហើយកាន់តែទូលំទូលាយ វាជាកម្លាំងមួយដែលមានមូលដ្ឋានគ្រឹះជ្រៅជ្រះ និងស្ថិរភាព។ ការបង្កើនទំនុកចិត្តលើប្រព័ន្ធអប់រំ គឺជាបញ្ហាសំខាន់ចំពោះវាសនាជាតិចម្រើននិងបង្កើតសមិទ្ធផលជូនជាតិ។

លោកជំទាវបានរំលេចនូវទស្សនៈជាច្រើនដូចជា «ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង» «ទំពាំងស្នងឬស្សី កុលបុត្រប្រុសស្រីស្នងជាតិ» សុទ្ធសឹងបង្ហាញពីកម្លាំងដល់ការសិក្សារបស់សិស្សានុសិស្ស។

បន្ថែមពីលើនេះ លោកជំទាវក៏បានគូសរំលេចពីតួនាទីដ៏សំខាន់និងចាំបាច់របស់គណៈគ្រប់គ្រង និងគ្រូបង្រៀនដើម្បីជាការផ្តល់នូវគុណតម្លៃនៃកិច្ចខិតខំក្នុងការផ្ទេរពុទ្ធិដល់សិស្សានុសិស្ស។

លោកជំទាវក៏បានផ្តល់នូវគតិអប់រំថា «យើងត្រូវចងចាំសារៈសំខាន់នៃការរៀនសូត្រដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យប្រកបដោយត្រីវិស័យបែបគរុសភា។

យើងត្រូវតែផ្លាស់ប្តូរប្រកបដោយនវានុវត្តភាពនៅក្នុងចរន្តបច្ចេកវិទ្យានាពេលបច្ចុប្បន្នហើយព្យាយាមលើសពីអ្នកដែលយើងរៀន។

យើងសង្ឃឹមថាកុមារកម្ពុជានឹងបង្កើតស្នាដៃល្អៗដែលបញ្ចូលសារៈសំខាន់នៃមោទកភាពជាតិឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ជាតិដោយការផ្សព្វផ្សាយគុណតម្លៃនៃប្រទេសជាតិនាសម័យទំនើបនិងស្របទៅតាមនិន្នាការរីកចម្រើនរបស់ពិភពលោក»។