Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ​ ហ៊ុន សែន ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧

(ភ្នំពេញ)៖ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចូលរួមអបអរសាទរចំពោះជោគ ជ័យ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដែលនាំមុខដោយគណបក្សប្រជាជនកម្ពុជា ។

លិខិតអបអរសាទររបស់ឯកឧត្តម លី ឈាង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថាន ទូត ចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ។

តាមរយៈសារលិខិតនេះ ឯកឧត្តម លី ឈាង បានលើកឡើងថា «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះជាថ្មីម្ដងទៀតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រនីតិកាលទី៧ នៅក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងកេរ្តិ៍ឈ្មោះនៅក្នុងតំបន់»

លិខិតរបស់ឯកឧត្តម នាយករដ្ឋមន្រ្តីបានបន្តថា «ចិន និងកម្ពុជាគឺជាមិត្តពិតប្រាកដ និងជាបងប្អូនល្អដែលទុកចិត្តគ្នាទៅវិញទៅមក ដែលរួមគ្នាឆ្ពោះទៅមុខនៅក្នុងការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់ នៃសហគមន៍ចិន-កម្ពុជា ជាមួយអនាគតរួមក្នុងយុគសម័យថ្មី។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បី ជំរុញឱ្យកាន់តែជិតស្និទ្ធលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ»

សូមជំរាបថា តាមលទ្ធផលក្រៅផ្លូវការ បានឱ្យដងថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៧ ដោយអាចនឹងគ្រប់គ្រងអសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណ​បក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ ។

ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋជាង៨លាននាក់ ដែលស្មើនឹងប្រមាណ៨៤.៥៨ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បានអញ្ជើញទៅបោះឆ្នោតដែលអត្រានេះ មានចំនួនខ្ពស់បើធៀបនឹងការបោះឆ្នោតនៅប្រទេសជាច្រើន ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook