(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរដ្ឋសភា បើកកិច្ចប្រជុំលើកដំបូង ។
តាមរយៈវីដេអូ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ដើម្បីធ្វើអត្ថាធិប្បាយពីកាសែតបរទេស ឬមជ្ឈដ្ឋានប្រឆាំងនានា ដែលរហូតដល់ថា តើឯកឧត្តម ហ៊ុន ម៉ាណែត អាចធ្វើនាយករដ្ឋមន្ត្រីទេ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកឯងឱ្យច្បាស់ ហ៊ុន ម៉ាណែត នឹងចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ» ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី ហើយពួកគេចង់ហៅនាយករដ្ឋមន្ត្រី ក៏ហៅទៅ មិនចង់ហៅ ក៏នៅក្រៅច្បាប់ទៅ ដោយសារតែប្រជាពលរដ្ឋជាង៨៤ភាគ រយ បានបោះឆ្នោត ហើយក្នុងនោះមាន៨២ភាគរយ បានគាំទ្រ គឺគ្រប់គ្រាន់រួចទៅហើយ ។
សូមជំរាបថា តាមរយៈសារសំឡេង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ ។
ការដែលសម្តេចប្រញាប់ប្រ ញាល់លាឈប់ពីតំណែងជា នាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះម ហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ ៕






