Connect with us

ព័ត៌មានជាតិ

ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារទទួលបានការគាំទ្រនិងស្នើឱ្យពង្រឹងការអនុវត្ត

(​ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងចំនួន២គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការដល់បុគ្គលប្រព្រឹត្តល្មើសនឹងបទបញ្ញត្តិនៃច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ។

តាមការប្រកាសអន្តរក្រសួងចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣បានឱ្យដឹងថា ការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រ សួងពាណិជ្ជកម្ម ត្រូវបានរៀបចំជាបញ្ជីផាកពិន័យអនុលោមតាមមាត្រា៣៤ មាត្រា៣៦ មាត្រា៣៧ និងមា ត្រា៣៨ នៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ។

ជាមួយគ្នា ចំណូលប្រមូលបានពីការពិន័យអន្តរការណ៍ និងការផ្តន្ទាទោសពិន័យជាប្រាក់ចំពោះបុគ្គលប្រ ព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវកត់ត្រាជាចំណូលរបស់ក្រសួងពាណិជ្ជ កម្ម ចំពោះបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍ ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្នបញ្ជាក់ថា គោលការណ៍ដែលក្រសួងធ្វើគឺក្នុង ន័យការពារសុវត្ថិភាពចំណីអាហារជាទូទៅ ហើយបានចែកដំណាក់កាលនៃការត្រួតពិនិត្យជាលំដាប់លំដោយ ។

ថ្លែងប្រាប់វិទ្យុវាយោនៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបញ្ជាក់បន្ថែមថា អ្វីដែលក្រសួងត្រូវធ្វើគឺផ្សព្វផ្សាយសិន ដើម្បីឱ្យពួកគាត់អាចដឹងថាត្រូវអនុវត្តបែបណា ទើបគាត់អាចគោរពទៅតាមអនុលោមភាពនៃច្បាប់នេះបាន ។

យ៉ាងណាមិញ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់បន្ថែមថា ក្រសួងមិនមែនរៀបចំច្បាប់ដើម្បីតែការផាកពិន័យនោះទេ តែរំពឹងទៅលើការភ្ញាក់រលឹករបស់អាជីវករ ពាណិជ្ជករ។ លោករំពឹងថា អាជីវករដែលប្រកបរបរលក់ម្ហូបអាហារទាំងអស់នឹងចូលរួមគោរពច្បាប់ ។

ជុំវិញចំណាត់ការអន្តរក្រសួងនេះ លោកបណ្ឌិត ឈត ប៊ុនថង មន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់ រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ជាការទទួលបាននូវឧបករណ៍ថ្មីមួយ ដើម្បីដាក់សម្ពាធ និងរារាំងដល់បុគ្គលទាំងឡាយណាដែលប្រកបរបរទាក់ទងនឹងម្ហូបអាហារ ដើម្បីឱ្យពួកគាត់ រឹតបន្តឹងធ្វើយ៉ាងណាឱ្យម្ហូបអាហាររបស់ពួកគាត់មានសុវត្តិភាព។ ជាមួយគ្នា លោកក៏សង្ឃឹមថា អាជ្ញាធពាក់ព័ន្ធក្នុងវិស័យនេះនឹងអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពផងដែរ ។

បើតាមលោកបណ្ឌិត ឈត ប៊ុនថង កន្លងមកថ្វីត្បិតកម្ពុជាមានច្បាប់ហើយក៏ដោយ តែលោកសង្កេតឃើញថា ការអនុវត្តច្បាប់ទាក់ទងនឹងសុវត្តិភាពម្ហូបអាហារហាក់បីនៅមានកម្រិតនៅឡើយ ។

លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller បានលើកឡើងថា លោកគាំទ្រចំពោះប្រកាសអន្តរក្រសួងខាងលើនេះ ហើយលោកគិតថា ច្បាប់នេះនឹងជាវិធានការដ៏សំខាន់មួយដែលធ្វើឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិសេសអ្នកផលិត និងលក់ចំណីអាហារនឹងធ្វើការគោរពនូវច្បាប់នេះ ។

សម្រាប់ឧកញ្ញាវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកឯកទេសផ្នែកសុខភាពសាធារណៈបានលើកឡើងដែរថា ម្ហូប អាហារដែលមិនមានសុវត្ថិភាព គ្មានអនាម័យ គឺពិតជាប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារ ។ ដូច្នេះឧកញ្ញាវេជ្ជបណ្ឌិតសប្បាយចិត្តដែលក្រសួងដាក់ចេញនូវវិធានការនេះ ហើយក៏គួរតែធ្វើជាយូរ មកហើយ ។

ឧកញ្ញាវេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញក្ដីសង្ឈឹមដែរថា ប្រកាសអន្តរក្រសួងស្ដីពីការពិន័យអន្តរការចំ ពោះបុគ្គលប្រព្រឹត្តល្មើសនឹងបទបញ្ញត្តិនៃច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារនេះ ជាការចាប់ផ្ដើមល្អ និងជាការពញ្ញាក់អារម្មណ៍ដល់ប្រជាជន។ តែយ៉ាងណា ប្រជាជនខ្លួនឯងផ្ទាល់ក៏គួរចូលរួមស្វែងយល់ដែរ ថាការ ហូបចុកចំណីអាហារដែលមិនមានសុវត្ថិភាពមិនបានផ្ដល់ផលល្អដល់សុខភាពនោះទេ ។

បើតាមលោកបណ្ឌិត ឈត ប៊ុនថង ដើម្បីអនុវត្តច្បាប់ដែលទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារនេះបាន ប្រ ជាពលរដ្ឋមិនត្រូវទិញ និងលក់ដូរម្ហូបអាហារដែលគ្មានសុវត្តិភាព និងអនាម័យនោះទេ ហើយប្រជាពលរដ្ឋក៏អាចធ្វើជាភ្នាក់ងារជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធបើប្រទះឃើញការលក់ដូរម្ហូបអាហារដែលគ្មានសុវត្ថិ ភាពដើម្បីទប់ស្កាត់បានទាន់ពេលវេលា ។ លោកបន្ថែមថា បើប្រជាពលរដ្ឋចូលរួមហើយ តែអាជ្ញាធរធ្វើមិនបានល្អ ការងារនេះក៏មិនអាចសម្រេចបានដែរ ។

ដូច្នេះអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើជាភ្នែកច្រមុះរបស់រដ្ឋ និង ត្រូវធ្វើជាមនុស្សដែលផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាទប់ស្កាត់ការផលិត ការចែក ចាយ ការលក់ដូរម្ហូបដែលគ្មានសុវត្តិភាពឱ្យបាន ។

គួរជម្រាបថា យោងតាមឧបសម្ព័ន្ធនៃប្រកាសអន្តរក្រសួងលេខ ៤១០ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារបានបញ្ជាក់ថា ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលដំណើរការអាជីវកម្មម្ហូបអាហារដោយមិនមានលិខិតអនុ ញ្ញាត, ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលរៀបចំស្តុកទុក ធ្វើសហត្ថាករណ៍ ឬលក់ម្ហូបអាហារដែលខ្វះអ នាម័យ, ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលមិនបានជូនដំណឹងជាបន្ទាន់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ អំពីបញ្ហាដែលកើតឡើងចំពោះម្ហូបអាហារ, ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលមិនបានបង្កើត ឬអនុវត្តប្រព័ន្ធដែលអាចអង្កេតដាន, ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ដែលផលិត កែច្នៃ ឬវេចខ្ចប់ម្ហូបអាហារ ដោយមិនមានបញ្ជាក់អំពីអត្តសញ្ញាណរបស់ផលិតករនិង/ឬអ្នក ចែកចាយម្ហូបអាហារ នឹងត្រូវផាកពិន័យអន្តរការណ៍ជាទឹកប្រាក់អប្បបរមា៥សែនរៀល និងអតិបរមា ៨សែនរៀលសម្រាប់លើកទី១។ ដោយឡែកសម្រាប់លើកទី២នឹងត្រូវពិន័យទ្វេដងនៃប្រាក់ពិន័យលើកទី១ ។

ការផាកពិន័យអន្តរការណ៍ជាទឹកប្រាក់អប្បបរមា៥សែនរៀល និងអតិបរមា៨សែនរៀល សម្រាប់លើកទី១ និងលើកទី២ត្រូវពិន័យទ្វេដងនៃប្រាក់ពិន័យលើកទី១ ក៏ត្រូវបានធ្វើឡើងលើប្រតិបត្តិករអាជីវកម្មម្ហូបអា ហារ ដែលផលិត កែច្នៃ ឬវេចខ្ចប់ម្ហូបអាហារដែលមិនមានដាក់កាលបរិច្ឆេទនៃការផុតកំណត់រយៈពេលប្រើប្រាស់, ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលផ្គត់ផ្គង់ លក់ដុំ ចែកចាយ ឬដាក់លក់ម្ហូបអាហារក្រោយកាលបរិច្ឆេទនៃការផុតកំណត់រយៈពេលប្រើប្រាស់, ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលមិនបានគោរពតាមវិធានអនាម័យ ដែលត្រូវកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ, ប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលមិនបានផ្តល់ព័ត៌មានអំពីខ្លឹមសារដែលបញ្ជាក់ពីគុណភាព សុវត្ថិ ភាពនៃម្ហូបអាហារ ដែលនឹងត្រូវផ្សាយដំណឹងពាណិជ្ជកម្ម និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារដែលមិនបានគោរពតាមការណែនាំ និងការកែតម្រូវរបស់មន្រ្តីអធិការកិច្ចម្ហូបអាហារ ។

ចំពោះ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ដែលមិនអនុវត្តតាមលក្ខខណ្ឌតម្រូវស្តីពីម្ហូបអាហារដែលបញ្ញត្តិក្នុងមាត្រា៦ នឹងត្រូវពិន័យជាអន្តរការណ៍លើកទី១ជាទឹកប្រាក់អប្បបរមា២លានរៀល អតិបរមា២០លាន រៀល ហើយនឹងត្រូវពិន័យធ្វើច្រើនដងនៃប្រាក់ពិន័យលើកទី១បើមានជាលើកទី២ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook