Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលមានឋានៈ និងតួនាទីនៅក្នុងអាណត្តិចាស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ទីប្រឹក្សារាជរដ្ឋាភិបាល មេទាហាន មេនគរបាល មេអាវុធហត្ថ ព្រមទាំងអភិបាល អភិបាល រងខេត្តទាំងអស់ នឹងត្រូវរក្សានៅដដែល ។

ជាមួយគ្នានេះ មន្ត្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងប្រធានការិយា ល័យជាដើម ក៏នឹងត្រូវរក្សានៅដដែលផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈសារពិសេសមួយផ្ញើជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ សារនេះធ្វើឡើង ដើម្បីបំភ្លឺនូវមន្ទិល និងការបារម្ភរបស់មន្ត្រីមួយចំនួន ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ «មុខងារទាំងអស់នេះ ខ្ញុំព្រះករុណា បានពិភាក្សាយ៉ាងម៉ត់ចត់ ជាពិសេសជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម កើត រិទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ អំពីកិច្ចដំណើរការនាពេលខាងមុខ។ ដូច្នេះសូមបងប្អូនទាំងអស់ កុំមានការព្រួយបារម្ភអំពីចំណុច​ទាក់ទងជាមួយនឹងរឿងថា តើខ្លួនត្រូវធ្វើអ្វីទៀត?»

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់មានតែតួនាទីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ បើតាម​សម្តេចតេជោ សម្រាប់តួនាទីនេះ គឺមួយចំនួនជារដ្ឋលេខា ធិការ មួយចំនួនជាអ្នកធ្វើការផ្ទាល់​ជាមួយនាយក​រដ្ឋមន្ត្រី។ ដូច្នេះអ្នកទាំងនេះ មានជម្រើសមួយ តើយកតំណែងរដ្ឋមន្ត្រីប្រតិភូ ឬជារដ្ឋលេខាធិការ ?

ដោយឡែកអគ្គនាយកពន្ធដារ និងអគ្គនាយកគយ ត្រូវបានរក្សាតំណែងទាំងពីរដដែល គឺតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងតំណែងជាអគ្គនាយក ព្រោះថាម្ខាងត្រូវធ្វើការជាមួយរដ្ឋមន្ត្រី និងម្ខាងទៀតត្រូវធ្វើការជាមួយនាយករដ្ឋមន្ត្រី ដែលត្រូវក្តាប់ផ្ទាល់ជាមួយថវិកាប្រចាំថ្ងៃ និងប្រចាំខែ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីរំពឹងថា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្នុងអាណត្តិថ្មី នឹងយកចិត្តទុកដាក់លើមន្ត្រីចាស់ៗ ឱ្យមានការធ្វើជាបន្តទៀត ។

សូមជំរាបថា នៅក្នុងសារសំឡេងនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែលបានគាំទ្រចំពោះការសម្រេចចិត្តរបស់សម្តេច ឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មី ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣បន្តទៅ ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការគាំទ្រនេះ គឺជាកម្លាំងជួយធានាដល់ដំណើររបស់ជាតិកម្ពុជា​ឱ្យមានស្ថេរភាពយូរអង្វែង ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook