(ភ្នំពេញ)៖ កម្ពុជា-ថៃ បានចាប់ផ្តើមតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរ ដែលជាជម្រើសដឹកជញ្ជូនក្នុងប្រ ព័ន្ធភស្តុភារកម្ម ដើម្បីជួយសម្រួលការចរាចរណ៍ទំនិញ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទេសចរ និងពាណិជ្ជ កម្ម នៅក្នុងប្រទេស និងតំបន់អាស៊ានឱ្យកាន់តែប្រសើរ ។
ការកំណត់តភ្ជាប់ផ្លូវដែករបស់កម្ពុជា ធ្វើឡើងបន្ទាប់ពីភាគីថៃ បានស្ថាបនារួចរាល់ ដែលនឹងតភ្ជាប់ពីព្រំប្រទល់ ក្នុងខេត្តស្រះកែវ ប្រទេសថៃ ត្រង់ក្រុងប៉ោយប៉ែត ចូលមកកាន់ក្រុងភ្នំពេញ ។
គម្រោងតភ្ជាប់ផ្លូវរថភ្លើងក្នុងតំបន់អាស៊ាន កាលពីថ្ងៃទី២៦ ខែកក្កដា កម្ពុជា-ថៃ បានបើកសម្ពោធផ្លូវរថភ្លើងជាលើកដំបូង ដែលការបើកសម្ពោធផ្លូវរថភ្លើងនេះ គឺជាជម្រើសដ៏ល្អប្រសើរ សម្រាប់វិស័យដឹកជញ្ជូនក្នុងប្រព័ន្ធភស្តុភារកម្មរវាងកម្ពុជា-ថៃ និងប្រទេសក្នុងតំបន់អាស៊ានមួយចំនួន ដើម្បីសម្រួលការចរាចរណ៍ទំនិញ អ្នកដំណើរ ភ្ញៀវទេសចរ និងការពាណិជ្ជកម្មផ្សេងៗទៀត ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់ប្រទេសចិន ដែលបានចាត់ទុកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ជាសរសរទ្រូងមួយយ៉ាងសំខាន់សម្រាប់ផ្តល់ឱកាសការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រ ។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានបង្ហាញការគាំទ្រ និងបានចាត់ទុកការតភ្ជាប់ផ្លូវរថភ្លើងនេះ ពិតជចាមានសារៈសំខាន់ណាស់ នៅក្នុងវិស័យភស្ដុភារកម្ម នៃការតភ្ជាប់ការដឹកជញ្ជូនទៅកាន់ប្រទេសអាស៊ាន ជាពិសេសទៅកាន់ប្រទេសចិនផងដែរ ។
ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានលើកឡើងថា ការតភ្ជាប់មកកាន់កម្ពុជា នឹងជួយជំរុញដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ ព្រោះការដឹកជញ្ជូនតាមរថភ្លើងអាចដឹកជញ្ជូនបានច្រើនជាង ដោយរំពឹងថា នឹងអាចមានតម្លៃសេវាទាបជាងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បាន និងកំពុងធ្វើទំនើបកម្មផ្លូវដែក ក្នុងគោលបំណងជំរុញការដឹកជញ្ជូនទាំងទំនិញ និងអ្នកធ្វើដំណើរតាមផ្លូវដែក ជាពិសេសគឺការតភ្ជាប់ជាមួយប្រទេសជិតខាង និងព្រមទាំងការដោះដូរទំនិញឆ្លងដែន និងវិស័យទេសចរណ៍ ជាពិសេសទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅក្នុងប្រទេស គ្រាដែលកម្ពុជា មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា ដើម្បីធ្វើឱ្យប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទិកមានតម្លៃថោកសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលកម្ពុជា និងថៃ គ្រោងសម្រេចឲ្យបានទំ ហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារនាឆ្នាំ ២០២៥ផងដែរ ៕
