(ភ្នំពេញ)៖ ឯកឧត្ត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា គិតដល់ម៉ោងប្រាំពីរនិងសូន្យនាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ពុំបានទទួលពាក្យបណ្តឹងផ្លូវការណាមួយពីគណបក្សនយោបាយ ប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតដែល គ.ជ.ប បានប្រកាសកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ទេ ហើយ គ.ជ.ប ក៏បានផ្តល់ព័ត៌មានមកក្រុមប្រឹក្សាធម្មនុញ្ញវិញថា គិតដល់ម៉ោងប្រាំពីរ និងសូន្យនាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ គ.ជ.ប ក៏ពុំបានទទួលពាក្យបណ្តឹងផ្លូវការណាមួយពីគណបក្សនយោបាយ ប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះដែរ ។
ឯកឧត្តម បានប្រាប់សារព័ត៌មាន ថាយោងតាមមាត្រា ១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំ ណាងរាស្រ្ត បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នក្នុងរយៈពេល ៧២ (ចិតសិបពីរ) ម៉ោងយ៉ាងយូរ គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្ទាល់ក៏បាន ។
ដោយសារ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រាំពីរនិងសូន្យនាទីព្រឹក ដូចនេះ រយៈពេល ៧២ ម៉ោង គឺដល់កំណត់នៅត្រឹមម៉ោងប្រាំពីរនិងសូន្យនាទីព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ នេះ ជាកំហិត ហើយទាំងក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ពុំបានទទួលពាក្យប ណ្តឹងផ្លូវការណាមួយពីគណបក្សនយោបាយ ប្តឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះទេ ។
ដូច្នេះ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលការបោះឆ្នោតបានប្រ ព្រឹ ត្តធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ នឹងត្រូវប្រកាសស្របតាមច្បាប់ និងនីតិវិធីបោះឆ្នោត នៅថ្ងៃស្អែកទី ៥ ខែសីហា ឆ្នាំ២០២៣ តាមប្រតិទិនកំណត់របស់ គ.ជ.ប ជាលទ្ធផលស្ថាពរ ៕