Connect with us

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ

(ហ្សាការតា)៖នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើចូលរួមអាហារពេលព្រឹកការងារត្រីភាគីជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính )​ នាយករដ្ឋមន្រ្តី នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone )​ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ ។

ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបីតែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់ ។ នៅក្នុងជំនួបនេះ, ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និង បានឯកភាពជាគោការណ៍ ដូចខាងក្រោម៖

ទី១. បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និង ពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ។

ទី២. បន្តដោះស្រាយជាមួយគ្នា និង ជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំង ឡាយ ។

ទី៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ។

ទី៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង ប្រពៃណី ។

ទី៥. ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍ ។

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និង ក្តីនឹករលឹក ជូនចំពោះ សម្ដេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង បានបង្ហាញបំណងចង់ជួបសំ ណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ ។ ឯកឧត្តមនាយករដ្ឋមន្ត្រី ឡាវ ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវនាឆ្នាំ២០២៤ ខាងមុខ ៕    

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook