រាជធានីភ្នំពេញ៖ ពលរដ្ឋមួយចំនួនបានសម្រុកចុះទៅស្រុកច្រើនជាងមុន នៅផ្លូវជាតិលេខ ១ ចំណុចព្រំប្រទល់រវាង ភ្នំពេញនិងស្រុកកៀនស្វាយ នៃខេត្តកណ្ដាល។ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីនគរបាល ប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី ២៦ មេសា ២០២១។
បើតាមការបញ្ជាក់លំម្អិតរបស់មន្ត្រីនគរបាល ដែលបានឈរជើងនៅតាមប៉ារ៉ាសផ្លូវជាតិលេខ ១ ចំណុចព្រំប្រទល់រវាង ភ្នំពេញនិងស្រុកកៀនស្វាយ នៃខេត្តកណ្ដាល បានឲ្យដឹងទៀតថា ពលរដ្ឋមួយចំនួននោះបានអាននូវព័ត៌មានដែលបានចុះផ្សព្វផ្សាយថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដោយពួកគេមិនបានចូលទៅអានដោយលំម្អិតនោះទេ គឺគ្រាន់តែអានត្រឹមតែចំណងជើងតែប៉ុណ្ណោះ ដូច្នេះហើយទើបធ្វើឲ្យពួកគេប្រញេប្រញាប់រៀបចំបង្វេចទៅស្រុកកំណើតរៀងៗខ្លួន។
ជាមួយគ្នានេះដែរ ភ្លាមៗនោះកងកម្លាំងបានធ្វើការហាមឃាត់ នឹងសាកសួរពីពលរដ្ឋដែលបាននាំគ្នាធ្វើដំណើរទៅស្រុក ហើយបានពន្យល់ណែនាំពួកគេយ៉ាងច្បាស់ពីសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដោយរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៅតែបន្តបិទខ្ទប់ដដែល រហូតដល់ថ្ងៃទី ២៨ មេសា ឆ្នាំ២០២១ ទើបមានការអនុញ្ញាតឲ្យបើកដំណើរការចរាចរណ៌ឡើងវិញ។
គួរជម្រាបដែលថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជធានីភ្នំពេញ នៅបន្តបិទខ្ទប់ដដែល ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទូទៅចរាចរឡើយ ហើយកងកម្លាំងមូលដ្ឋានទាំងអស់ ត្រូវបន្តអនុវត្តវិធានការបិទខ្ទប់បន្តទៀត។
ការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ៕