(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបន្តបេសកកម្មចុះពិនិត្យស្ថានភាពកសិកម្ម និងស្វែងយល់ពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ។
ជាកិច្ចចាប់ផ្តើមក្នុងបេសកកម្មចុះមូលដ្ឋានថ្ងៃទី៤នេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បានចុះពិនិត្យច្រកព្រំដែនអន្តរជាតិម៉ាឡៃ ដើម្បីសិក្សាស្ថានភាពជាក់ស្តែងនៃការនាំចេញនាំចូលទំនិញកម្ពុជា-ថៃ ហើយស្ទើរ ៨០% ជាផលិតផលកសិកម្ម ដូចជាដំឡូង ពោត និងមៀនជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងលើកទឹកចិត្តឱ្យកសិករធ្វើការនាំចេញផលិតផលកសិកម្មផ្លូវការ ដើម្បីមានការត្រួតពិនិត្យច្បាស់លាស់ និងទទួលបានតម្លៃបន្ថែមខ្ពស់ ។
មុននឹងបញ្ចប់បេសកកម្មក្នុងខេត្តបន្ទាយមានជ័យនេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបានអញ្ជើញទស្សនកិច្ចកសិដ្ឋានសិរិ ដែលជាកន្លែងផលិតនិងកែច្នៃមៀនខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាព និងដំណើរការជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែម ហើយការផលិតត្រូវគិតគូរលើរសជាតិ គុណភាពនិងសុវត្ថិភាព និងទំនុកចិត្ត ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ ។
ក្នុងថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ បានបន្តបេសកកម្មចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក សាយ សុផាន ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការចុះពិនិត្យស្ថានភាពប្រឈមជាក់ស្តែង ហើយត្រូវយកចិត្តទុកដាក់ដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចមន្ត្រីកសិកម្ម គឺជួយកសិករឱ្យចំគោលដៅ ផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់និងតម្លៃល្អ នាំឱ្យកសិករបានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ទន្ទឹមនឹងនេះដែរ ត្រូវយកចិត្តទុកដាក់ការពារបង្ការ និងទប់ស្កាត់បទល្មើសជលផល ព្រៃឈើ និងការទន្ទ្រានដីព្រៃឈើឱ្យមានប្រសិទ្ធភាព ។
បន្ទាប់ពីជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យព្រំដែនអន្តរជាតិព្រំ ដើម្បីស្វែងយល់ពីស្ថានភាព និងដំណើរការនាំចេញនាំចូលផលិតផលកសិកម្ម ។
មុននឹងបញ្ចប់បេសកកម្មថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចុះទស្សនកិច្ចមជ្ឈមណ្ឌលផលិតកកម្ម និងកែច្នៃគ្រាប់ពូជស្រូវអាងពោធិ៍ ដើម្បីពិនិត្យឧបករណ៍ ឡសំងួត និងដំណើរការនៃការកែច្នៃផលិតគ្រាប់ពូជស្រូវសុទ្ធ និងមានគុណភាពសម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាកសិករ ៕
