(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន ជាលើកទីមួយ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា បានបង្កប់នូវអត្ថន័យជ្រាលជ្រៅ និងច្រើនយ៉ាង រួមទាំងផ្នែកការទូតនិងសេដ្ឋកិច្ច ។
ក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កាលពីរសៀលថ្ងៃទី១២ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសចិននាពេលខាងមុខនេះ មានអត្ថន័យជ្រាលជ្រៅ និងច្រើនយ៉ាង ៖
ទី១ នេះគីជាដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនបន្ទាប់ពី សម្តេចបានក្លាយជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយដំណើរទស្សនកិច្ចនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជនជាតិ និងអន្តរជាតិ ។
ទី២៖ ដំណើរទស្សនកិច្ចនេះ គឺជាការផ្តល់តម្លៃដល់មិត្តភាពកម្ពុជាចិន ដែលបានកសាងឡើងដោយថ្នាក់ដឹកនាំកម្ពុជាកម្ពុជានិងចិនជំនាន់មុនរហូតមកដល់បច្ចុប្បន្ននេះ ដែលមានលក្ខណៈល្អជាដំណាក់ៗ ។ ឥឡូវនេះ ដល់ពេលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី លោកនឹងបន្តពូនជ្រុំចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរីកចម្រើនថែមទៀតឈានទៅមុខជាលំដាប់ ។
ទី៣៖ ដំណើរទស្សនកិច្ចនេះ គឺបានបង្ហាញពីចំណងមិត្តភាពកម្ពុជា និងចិននៅតែស្ថិតស្ថេររឹងមាំទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរដ្ឋាភិបាល និងរដ្ឋាភិបាល ។
ជាមិត្តភាពផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមក ហើយរីកចម្រើនទៅមុខជានិច្ច ។
សូមបញ្ជាក់ជូនថា តបតាមការអញ្ជើញរបស់ឯកឧត្តម លី ឈាងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ ២០២៣ បានោ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅសាធា រណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ។
អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមានឯកឧត្តម លោកជំទាវ ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិ បាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជា ច្រើនរូបរបស់កម្ពុជា ។
ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំដែងការគួរសមដោយឡែកពីគ្នាជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិត ចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន ។
កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញ បន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្តល់ផល ប្រយោជន៍រួម ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងអញ្ជើញធ្វើ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ ។
បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៌ អាស៊ាន- ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ។
គួរបញ្ជាក់ផងដែរថា ស្របពេលដែលកម្ពុជានិងចិនកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥នទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិត ចិននាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហ ប្រតិ បត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្ដល់ ផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ៕ 
