Connect with us

ព័ត៌មានជាតិ

កម្ពុជាមានតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ជាលើកដំបូងក្នុងចំណោម ប្រទេសអាស៊ាន ដើម្បីសុខភាពប្រជាជន

(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន និងទិវាអាស៊ានហាត់ប្រាណ ដើម្បីសុខភាព (Fit ASEAN) ដែលស្ថិតនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០ ២៣ ដែលតំបន់ហាត់ប្រាណអាស៊ាននេះត្រូវបានគាំទ្រ​ដោយ​បណ្តា​ប្រទេសអាស៊ានជូនកម្ពុជាមុនគេ ដើម្បីបំផុសគំនិតស្មារតី និងសុខភាព​ប្រជា​ជន ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាង​ដ៏ខ្ពង់​ខ្ព​ស់ឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡាគូសបញ្ជាក់ថា តំបន់ហាត់ប្រាណ និងលេង​កីឡា​អាស៊ាន​នេះ គឺជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់មានការកោត​សរសើរពីបណ្ដាប្រទេសជាសមាជិកអាស៊ានលើការស្នាក់នៅ ហូបចុក សុវត្ថិភាព ចរាចរណ៍ សណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច និងជាប្រវត្តិ សាស្ត្រ ។

ឯកឧត្ដមថ្លែងថា ការ​រៀប​ចំតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ានជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការ​របស់អាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ប៉ុន្តែដើម្បីឆ្លើយតបនឹងការរីកចម្រើន​របស់ប្រទេសជាតិ និងតម្រូវការរបស់ប្រជាជន ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់​ក្រោមជាតិ ផ្នែកឯកជនត្រូវមានផែនការកសាងកែលម្អទីលានកីឡា សួនច្បារ ទីធ្លា​សាធារណៈ សម្រាប់បង្កលក្ខណៈងាយស្រួលឱ្យប្រជា ជនហាត់ប្រាណ និងលេងកីឡា ដើម្បី​លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន ។

 ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងបញ្ជាក់ថា ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព Fit ASEAN ជាសកម្ម ភាពមួយ ដែលគ្រប់ប្រទេសជាសមាជិកអាស៊ាន រៀបចំឡើង ដើម្បីបំផុសឱ្យប្រជាជននៅក្នុងប្រទេសនី មួយៗបានយល់ដឹងអំពីសារប្រយោជន៍ នៃ​ការហាត់ប្រាណនិង លេងកីឡាដើម្បីសុខភាព និងជំរុញឱ្យប្រ ជាជនគ្រប់រូបអនុវត្តន៍​ការហាត់ប្រាណ ដើម្បីសុខភាព និងសុខុមាលភាពរបស់ខ្លួន។ ឯកឧត្ដម​រដ្ឋលេខាធិ​ការ​រូបនេះបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ នៅ​ក្នុងបញ្ចកោណ ដំណាក់កាលទី១ ផ្ដោតលើការអភិវឌ្ឍមូលធនមនុស្សដែលមានមុំ៥ ។

ទន្ទឹមនេះ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡាក៏បានធ្វើកំណែទម្រង់ អនុវិស័យអប់រំកាយ និងកីឡាដូចតទៅ៖

១-ជំរុញចលនា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត កសាងមនុស្ស​គ្រប់​រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត, អំណត់​ព្យាយាម, មានវិន័យ, មានស្មារ តីក្រុម គំនិតច្នៃប្រឌិត ស៊ូស្វិតស្វាញ សំដៅ​ដណ្តើម​បានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាលើឆាកអន្តរ ជាតិ និងមានជីវភាព​រស់​នៅសមតាមពាក្យស្លោក «កីឡារស់ប្រកបដោយសុខដុមរមនាក្នុងសង្គមក្រោម​ម្លប់​សន្តិភាព» ។

២-ការពង្រឹងយន្តការដែលមាន​ស្រាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​កាយ និងកីឡា ការបណ្តុះបណ្តាល ធនធានមនុស្ស លើកទឹកចិត្តបង្កើនប្រសិទ្ធភាព គុណ​ភាពអត្តពលិក, ពង្រឹងគុណភាពការបណ្ដុះបណ្តាលគ្រូអប់រំកាយ និងកីឡា​១២+២ និង១២+៤ ពង្រឹងគុណភាពការប្រកួតគ្រប់កម្រិតតាមរយៈសហព័ន្ធកីឡាជាតិ ពង្រឹង​ការអនុវត្តកម្មវិធី អប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា ការអនុវត្តកម្មវិធីកីឡា​ក្រៅ​ម៉ោងសិក្សា ។

៣-អភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណីជាតិ បណ្ដុះវប្បធម៌អប់រំកាយ និងកីឡា ដល់ប្រជាជនឱ្យយល់ដឹងអំពី សារៈសំខាន់នៃការហាត់ប្រាណនិងលេងកីឡា​ជាប្រចាំដើម្បីសុខភាពឈានទៅចូលរួមលុបបំបាត់ភាពអសកម្មផ្សេងៗ ក្នុងសង្គម ដើម្បី​ឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខដុមនីយកម្មក្នុងសង្គម ។

ជាមួយគ្នានេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមរដ្ឋលេខាធិការក៏​សូមថ្លែងអំណរគុណដល់​ប្រទេសសមាជិកអាស៊ានទាំងអស់បានអនុញ្ញាតឱ្យកម្ពុជា​រៀបចំ​តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ានដំបូងគេ។ ទន្ទឹមនេះ ក៏សូមថ្លែងអំណរ​គុណរដ្ឋាភិបាលចិនជាដៃគូអាស៊ានបានផ្តល់ឧបករណ៍ហាត់ប្រាណសម្រាប់បំពាក់នៅទីនេះ ហើយសូមថ្លែងអំណរគុណ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ​អភិបាល​រាជ ធានីភ្នំពេញបានផ្ដល់ទីតាំងសួនច្បារព្រះនាងប្រាជ្ញាបារមីរៀបចំជាតំបន់ហាត់ប្រាណនិងលេងកីឡាអា ស៊ាន ។

ឯកឧត្ដមបានលើកឡើងថា ថ្ងៃនេះជាទិវាមួយដ៏មហោឡារិក ដែលក្រសួងអប់រំ យុវជន និងកីឡា រៀបចំពិធីសម្ពោធតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន និង​ទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “Fit ASEAN​ ។

ឯកឧត្ដមបានចាត់ទុកការរៀប​ចំ​ពិធី​សម្ពោធតំបន់ ហាត់ប្រាណនិងលេងកីឡាអាស៊ាននេះ ដោយនៅឆ្នាំ២០២២ ដែល​កម្ពុជាបានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្នុងនោះមានក្រសួង ស្ថាប័ន១៥ ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចង្អុលបង្ហាញ ឱ្យថ្នាក់ដឹកនាំក្រសួង នាយកដ្ឋានអប់រំកាយ និងកីឡា នៃអគ្គនាយកដ្ឋានកីឡា ធ្វើការសិក្សាស្រាវជ្រាវ រៀបចំ ប្រធានបទនូវទស្សនទានដែល​មានការចាំបាច់ និងមានសារៈសំខាន់សម្រាប់ប្រទេសអាស៊ានទាំង១០ ការបង្កើត តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ាន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាល​ភាពរបស់ប្រជាជនអាស៊ាន។

ឯកឧត្ដមបានបន្ថែមថា សម្រាប់ទស្សនទាននេះទទួលបានការគាំទ្រពីថ្នាក់​ដឹក​នាំ​កីឡា​ពីបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ និងដាក់ស្នើសុំ ទទួលការគាំទ្រពី​ថ្នាក់ដឹកនាំកំពូលអាស៊ានទាំង១០ ។

គួរបញ្ជាក់ថា ការបង្កើតតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាននេះ គឺជា​លើកដំបូង ក្រោមជំនួយគាំទ្របំពាក់សម្ភារពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបាន​ប្រទេសសមាជិកអាស៊ានទាំងអស់កំណត់យកកម្ពុជាមុនគេ បន្ទាប់មកប្រទេស​ឥណ្ឌូណេស៊ី ។

ការរៀបចំទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព ដោយអនុវត្តន៍​តាម​ផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋានអប់រំកាយ និងកីឡា ផែនការ៥​ឆ្នាំ​របស់អាស៊ាន និងការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់​សុខភាពផ្លូវកាយ ផ្លូវចិត្តរបស់ប្រជាជនរស់នៅប្រកបដោយសុខដុមនីយកម្ម នៅក្នុង​សង្គមកម្ពុជា និងសហគមន៍អាស៊ាន គឺអាស៊ានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែ មួយ “One vision One identity One Cornrnunity ” ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook