Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖​ មានតែសន្ដិភាពទេទើបធ្វើឲ្យកម្ពុជារីកចម្រើនមកដល់សព្វថ្ងៃ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងពីការវិវត្តន៍ ក្នុងរយៈពេលជាង ៤០ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម និងជាង ២០ឆ្នាំ ក្រោយការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃកន្លងមកនេះថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគ្រស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយ ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។

លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ខណៈដែលឯកឧត្តមអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងគម្រប់ខួប១១ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងខេត្តកណ្តាល កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

លោក មេបញ្ជាការកងទ័ពជើងគោក បានលើកបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈកាលជាង២០ឆ្នាំមកទល់សព្វថ្ងៃនេះ គឺជារយៈ កាលនៃសុខ សន្តិភាពដ៏យូរ និងពុំធ្លាប់កើតមានទ្បើងក្នុងប្រវត្តិសាស្ត្រ នៃប្រទេស។ ជាសន្តិភាពដែលទទួលបានមកដោយការលំបាក និងមានការលះបង់ខ្ពស់ពីសំណាក់ស្ថាបនិកគ្រប់រូបនៃនយោបាយឈ្នះ-ឈ្នះ ហើយបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាជនទូទាំងប្រទេស និងបានបង្កលក្ខណៈឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការប្រកបរបរចិញ្ចឹមជីវភាពដោយភាពសុខសាន្ត រស់នៅប្រកបដោយភាពថ្លៃថ្នូរ មានឱកាសប្រារព្ធធ្វើបុណ្យទាន និងគោរពប្រតិបត្តិសាសនា នានាតាមជំនឿ។ ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលជាខែលដ៏សំខាន់ និងរឹងមាំក្នុងការថែរក្សាខឿនការពារប្រទេសជាតិ ប្រជាពលរដ្ឋ ការពារសិទ្ធិសេរីភាព ស្របតាមនីតិរដ្ឋ ត្រូវគោរពនូវតួនាទី ភារកិច្ចចាំបាច់របស់ខ្លួនក្នុងការថែរក្សាការពារសន្តិភាពនេះឱ្យមានអាយុកាល យូរអង្វែងទៅអនាគត ដោយរក្សាបាន នូវស្មារតីជាតិនិយម បេ្តជ្ញាស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ និង រដ្ឋាភិបាលស្របច្បាប់ រួមជាមួយការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងម្ចាស់ការក្នុងការធានាដល់ការហ្វឹកហ្វឺន ការត្រៀមក្នុងការការពារបូរណភាពទឹកដី មានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ និងប្រឆាំងដាច់ខាត នូវរាល់សកម្មភាពទាំងទ្បាយណាដែលបង្ក ដល់ការបំផ្លិចបំផ្លាញនូវសន្តិភាពដ៏ស្រស់ បំព្រងនេះ។

លោក ហ៊ុន ម៉ាណែត ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំ បំពេញភារកិច្ច និងសម្រេចបាននូវការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាពិសេសការយកចិត្តទុកដាក់លើការងារ ហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋានរចនាសម្ព័ន្ធនានា បម្រើឱ្យការបំពេញភារកិច្ច និងជីវភាព សុខមាលភាពរបស់យោធិន និងគ្រួសារ យោធិន ហើយក៏បានបង្ហាញឱ្យឃើញអំពី សាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរវាងមេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានរបស់ បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវ និរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook