ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦ លានដុល្លារបានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ភោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។
ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនិតិវីធីយ៉ាងណា ដើម្បីសម្រួលរាល់ទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមតាមរយៈច្រកទ្វាព្រំដែនអន្តរជាតិថ្មីនេះ។
«ដោយសារនៅបាវិតមានការកកស្ទះច្រើន ដូច្នេះយើងចង់បញ្ចៀសទំនិញមួយចំនួនឲ្យដឹកឆ្លងកាត់តាមច្រកទ្វា “ព្រៃវល្លិ៍“ នេះឯង» ឯកឧត្តមបានបន្ត។
ឯកឧត្តម ស៊ុន ចាន់ថុលក៏បានឱ្យដឹងទៀតថា ក្រសួងកំពុងរៀបចំរបាយការណ៍ជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរងចាំពេលវេលាសមស្របមួយ ដើម្បីគោរពអញ្ជើញសម្តេចមកបើកសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ។
គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានចំណាយថវិការអស់ប្រមាណ ៦ លានដុល្លារអាមេរិកដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB)។
បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រុញឱ្យមានការលើកកម្ពស់ផ្លូវនៃតំបន់ច្រកទ្វារនេះពី DBST ទៅAC ដែលមានប្រវែងប្រមាណ ២៥ គីឡូម៉ែត្រ ក៏ដូចជាសិក្សាឡើងវិញចំពោះផ្លូវច្រកចូលនៃច្រកទ្វាអន្តរជាតិ។