កណ្ដាល៖ លោកអភិបាលស្រុកខ្សាច់កណ្តាល បានបង្កើតផ្សារចល័តមួយកន្លែងសម្រាប់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល បន្ទាប់ពីមើលឃើញថា ការផ្ទះឆ្លងរីក រាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ភាគច្រើនគឺនៅតាមផ្សារ។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ផ្សារចល័តខ្សាច់កណ្តាល ដែលផ្ដួចផ្ដើមគំនិតដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល និងមានការយកចិត្តទុកដាក់ពីរូបលោកផ្ទាល់ និងបានសហការរៀបចំផ្សារ ព្រមទាំងផ្គត់ផ្គង់ស្បៀងអាហារ ត្រី សាច់ បន្លែ ដោយឧកញ៉ា ស្រី ចាន់ថន អគ្គនាយក ក្រុមហ៊ុន JET’S GROUP ត្រៀមរៀបចំទីតាំងផ្សារចល័ត និងបើកដំណើរការជាផ្លូវការនា ពេលខាងមុខនេះ សម្រាប់បម្រើសេវាផ្នែក គ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានស្រុកខ្សាច់កណ្តាល ខណៈដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាលក្នុងសហគមន៍។

លោកបន្តថា ផ្សារចល័តខ្សាច់កណ្តាល មានទីតាំងក្បែរស្នាក់ការគណបក្សប្រជាជន កម្ពុជាស្រុកខ្សាច់កណ្តាល ស្ថិតនៅក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ផ្សារចល័តខ្សាច់កណ្តាល គឺបង្កើតឡើងក្នុងកាលៈទេសៈដែលស្រុក ខ្សាច់កណ្តាលទាំងមូល កំពុងមានការកើនឡើងអ្នកជំងឺកូវីដ-១៩ ចំនួន១៩នាក់ ដើម្បីទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ។
លោកបញ្ជាក់ថា គោលបំណងនៃការបង្កើតផ្សារនេះឡើង គឺដើម្បីកាត់បន្ថយឱ្យមាន ប្រជាពលរដ្ឋចូលផ្សារច្រើន ការពារសុខសុវត្ថិភាព និងរក្សាគម្លាត របស់ប្រជាពលរដ្ឋក្នុង មូលដ្ឋានស្រុក។

សូមបញ្ជាក់ថា ការបង្កើតផ្សារចល័តខ្សាច់កណ្តាល ជាយន្តការមួយប្រកបដោយ ប្រសិទ្ធភាពក្នុងការជួយដោះស្រាយ និងផ្តល់ភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការចាំបាច់ក្នុងការទិញត្រី សាច់ បន្លែ ផ្លែឈើ គ្រឿងទេស អង្ករ ត្រីខ មី អាហារបម្រុងផ្សេងៗតាមតម្រូវការ ដោយអាចអញ្ជើញមកទិញផ្ទាល់នៅទីតាំងនេះ នៅពេល បើកដំណើរការ៕