Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលកំពុងដំណើរការឆ្វៀលដីជូនប្រជាជនរស់នៅឧទ្យានជាតិភ្នំបូកគោរយៈពេលយូរ

រដ្ឋបាលខេត្តកំពត បាននឹងកំពុងសិក្សា និងដំណើរការលើការកាត់ឆ្វៀលដី ពិសេសក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជូនប្រជាពលរដ្ឋដែលប្រើប្រាស់ និងស្នាក់អាស្រ័យលើដីក្នុងរយៈពេលយូរ។ នេះបើយោងតាមកិច្ចប្រជុំមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី ៩ កញ្ញា កន្លងមកនេះ។

ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការដាក់ពាក្យស្នើសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋនោះ មិនមែនមានន័យថា ដីទាំងនោះត្រូវបានផ្ដល់ជូនជាដីកម្មសិទ្ធិរបស់ពួកគាត់នោះទេ។

«មុននឹងផ្ដល់ជូនពួកគាត់ ត្រូវមានការវាយតម្លៃពីគណៈកម្មការថ្នាក់ជាតិ និងថ្នាក់ខេត្ត ថាត្រូវឆ្វៀល ឬមិនត្រូវឆ្វៀលជូនពួកគាត់ ហើយមូលដ្ឋាននៃការវាយតម្លៃ គឺពិនិត្យទៅលើការអាស្រ័យផលជាក់ស្តែង មានដាំដំណាំ និងកំណត់ចំណោតកម្ពស់ធៀប និងនីវ៉ូទឹកសមុទ្រឱ្យបានច្បាស់លាស់» ឯកឧត្តម បានបន្ត។

ដោយឡែក ទាក់ទងទៅនឹងកាលបរិច្ឆេទឈប់ទទួលពាក្យ ឯកឧត្តមស្នើសុំឱ្យក្រុមការងារពន្យារពេល ព្រោះថាអាចនៅមានប្រជាពលរដ្ឋច្រើនសេសសល់មិនទាន់បានដាក់ពាក្យ។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី ២៤ ខែសីហា រហូតដល់ថ្ងៃទី ០៨ ខែកញ្ញា នេះ ប្រជាពលរដ្ឋដែលបានមកដាក់ពាក្យកាន់កាប់ដីក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ មានចំនួនរហូតទៅដល់ ២ ៨៦០ក្បាលដី។

លើសពីនេះ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ ក៏បានស្នើសុំក្រុមការងារពិចារណាទៅលើការស្នើសុំដីជាប់ជ្រលងភ្នំដងអូរ ថាគួរតែរក្សាទុកជាតំបន់ការពារធម្មជាតិឬយ៉ាងណា។

គួរបញ្ជាក់ផងដែរថា កិច្ចការងារទាំងនេះធ្វើឡើងក្រោយពេល ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យក្រសួងពាក់ព័ន្ធកាត់ឆ្វៀលដីជូនពលរដ្ឋដែលរស់នៅលើដីរបស់រដ្ឋ ដូចជាតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ ច្រើនជាង ១០ ឬ ២០ ឆ្នាំ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook