Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនឯកជន ចំនួន៤ ចូលរួមលក់ទំនិញតាមស្តង់ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម និងតំបន់លឿងទុំ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម និងតំបន់លឿងទុំថា ក្រសួងពាណិជ្ជកម្ម បានបង្កើនចំនួនស្តង់ នៅតាមទីតាំងទាំង១១ កន្លែង ដែលមានក្នុងពេលបច្ចុប្បន្ននៅតំបន់ក្រហម និងរៀបចំរំកិលផ្លាស់ប្តូរទីតាំងស្តង់នោះទៅកន្លែងតំបន់ក្រហម ដែលទើបកំណត់ថ្មី។

ជាមួយគ្នានោះ ក្រសួងក៏បានឲ្យផ្នែកឯកជនចូលរួមលក់ទំនិញតាមស្តង់ និងភ្ជាប់បណ្តាញជាមួយទីផ្សារអនឡាញរបស់ក្រសួងផងដែរ ដែលមកដល់ពេលនេះ ក្រុមហ៊ុន ដែលបានភ្ជាប់បណ្តាញលក់អនឡាញរួចហើយរួមមាន៖ ទី១. ក្រុមហ៊ុនវីរះប៊ុនថាំ ភ្ជាប់បណ្តាញ VTENH, ទី២. ក្រុមហ៊ុន Super App, ទី៣. ក្រុមហ៊ុន AEON និងទី៤. ក្រុមហ៊ុន Smile Shop។

បន្ថែមលើសពីនោះក្រសួង ក៏បានសម្របសម្រួលឲ្យក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលអាហារូបត្ថម្ភទារកដូចជា៖ ក្រុមហ៊ុន Bavy Care, ក្រុមហ៊ុន DKSH, ក្រុមហ៊ុន Danone នាំយកផលិតផលសំរាប់ទារករួមមាន ទឹកដោះគោ Dumex, Aptamil, AptaKid, និង Dugro ចូលទៅដាក់ស្តង់លក់ជាប់ជាមួយស្តង់របស់ក្រសួង។

ជាមួយគ្នានេះ វត្តមានផ្សារ Makro ដែលនៅបន្តចូលរួមជាមួយក្រសួង តាមតំបន់ក្រហម ក៏ធ្វើអោយមានមុខទំនិញបន្ថែមទៀតក្រៅពីទំនិញស្បៀងយុទ្ធសាស្រ្ត ដែលក្រសួងដាក់លក់។

ដោយ ចំពោះតំបន់លឿងទុំ ដែលមានលក្ខណះធូរស្រាលជាង ក្រសួងពាណិជ្ជកម្ម បានបង្កើនចំនួនរថយន្តចល័តលក់តាមទីតាំងផ្សេងៗ ហើយបានសម្របសម្រួលអោយផ្នែកឯកជនបានចូលរួម តាមរយៈការបន្ថែមមុខទំនិញ និងការចូលរួមលក់នៅនឹងកន្លែងតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា ដើម្បីបន្តរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ និងទប់កុំអោយទំនិញចាំបាច់សំរាប់ជីវភាពឡើងថ្លៃ ក្រសួងបន្តជួយសម្របសម្រួលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធររាជធានីក្នុងការដឹកជញ្ជូនទំនិញបន្លែស្រស់ ត្រី សាច់ ពីប្រភពផលិតមកទីតាំងចែកចាយ ព្រមទាំងជួយសំរបសំរួលអោយទំនិញមួយចំនួន បានចូលលក់ និងទទួលទិញដោយទីផ្សារធំៗ ដែលនៅមានសកម្មភាព៕

Click to comment

Leave a Reply

Your email address will not be published.

Facebook