Connect with us

ព័ត៌មានជាតិ

ក្រសួងប្រកាសឲ្យពលរដ្ឋបញ្ឈប់ការទិញអាល់កុល ជែល និងផលិតផល សម្លាប់មេរោគ ផ្សេងៗដែលកំពុងលក់នៅលើហ្វេសប៊ុក

ភ្នំពេញ៖ ទឹកអាល់កុល ជែល និង ផលិតផល សម្លាប់មេរោគផ្សេងៗ ដែលកំពុង ផ្សព្វផ្សាយ លក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនត្រូវបានក្រសួងសុខាភិបាល ប្រកាសឲ្យប្រជាពលរដ្ឋបញ្ឈប់ការទិញយកទៅប្រើប្រាស់ ដោយសារគ្មានការអនុញ្ញាត ពី ក្រសួងសុខាភិបាល។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីថ្ងៃទី៣ ខែឧសភានេះបានឱ្យដឹងថា៖ «យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មាន គណនីចំនួន១២ និងមានគណនីបណ្តាញសង្គមហ្វេសប៊ុក មួយចំនួនទៀត កំពុង ផ្សព្វផ្សាយលក់អាល់កុល ជែល និងផលិតផល សម្លាប់មេរោគ ដទៃទៀតជាច្រើន ប្រភេទយ៉ាងអនាធិបតេយ្យ»។

ក្រសួងសុខាភិបាលបានបន្តថា នាពេលកន្លងមកនាយកដ្ឋានជំនាញឱសថចំណី អាហារនិង បរិក្ខារពេទ្យបានទិញអាល់កុល និងផលិតផលសម្លាប់មេរោគ មួយចំនួន ដែលលក់តាមបណ្តាញសង្គមហ្វេសប៊ុក មកពិនិត្យ គុណភាពបានរកឃើញអាល់កុល ជែល និងផលិតផលសម្លាប់មេរោគទាំងនោះ ភាគច្រើន ជាផលិតផលក្លែងបន្លំ និង មានគុណភាព មិនត្រឹមត្រូវ តាមបទដ្ឋាន បច្ចេកទេស ដោយមានតែសារធាតុ មេតាណុលសុទ្ធ ឬមានសារធាតុ មេតាណុលលាយ ជាមួយអេតាណុល ឬអាល់កុល។

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឱ្យដឹងថា៖ «ព្រោះផលិតផលទាំងនេះពុំអាច ធានាបាននូវគុណភាព ប្រសិទ្ធភាពនិង សុវត្ថិភាព ចំពោះអ្នកប្រើប្រាស់ បានឡើយ ដែលមានសារធាតុប៉ះពាល់ សុខភាពឬ បង្កគ្រោះថ្នាក់ ដល់អាយុជីវិទៀតផង»។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រង ឱសថនិងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការ គ្រប់គ្រងឱសថតម្រូវឱ្យរាល់ ការចរាចរ អាល់កុល ជែល និងផលិតផល សម្លាប់ មេរោគ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ បានឱ្យដឹងទៀតថាក្រសួង សុខាភិបាល នឹង មានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក (ដែលបានពិនិត្យ) និងគណនីពាក់ព័ន្ធ ផ្សេងៗទៀត ដែលផ្សព្វផ្សាយលក់អាល់កុល ជែល និងផលិតផលសម្លាប់មេរោគទាំងឡាយណាដែលផ្ទុយនឹងច្បាប់។

គួរបញ្ជាក់ថា នៅមុនចូលឆ្នាំខ្មែរថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ ២០២១ អគ្គនាយកដ្ឋាន ជំនាញបានស្រាវជ្រាវ និងបង្ក្រាប បានទីតាំងលក់ អាល់កុល តាមអនឡាញ ២កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញដោយដកហូតបាន អាល់កុល គ្មាន ស្លាកសញ្ញា និង ជែល ក្លែងក្លាយសរុបទាំង២លើកចំនួន ២៧២ ប៊ីដុង ស្មើនឹង៨ ១៤០ លីត្រ ដែលផ្ទុក សារធាតុមេតាណុល មិនអាចប្រើប្រាស់សម្លាប់មេរោគបានទេនិង អាល់កុល គ្មានស្លាកសញ្ញាចំនួន៥ ប៊ីដុង ទៀតស្មើនឹង១៥០ លីត្រ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook