Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតហ្វីលីពីន ប្រើពាក្យសម្តីធ្ងន់ៗដាក់ចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង

រាជធានីភ្នំពេញ៖ ប្រមុខការទូតហ្វីលីពីន លោក Teodoro Locsin នៅយប់ថ្ងៃទី៣ ខែឧសភា បានសរសេរសារដោយប្រើពាក្យខ្លាំងៗដាក់ចិន និងទាមទារឱ្យរដ្ឋាភិបាលក្រុងប៉េកាំង យកទូកនេសាទខ្លួនចេញពីសមុទ្រចិនខាងត្បូង។ ទូកនេសាទចិន បានចូលមកក្នុងដែនសេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ហ្វីលីពីន ជាច្រើនខែមកហើយ។

ទូកនេសាទចិនជាច្រើនរយគ្រឿង បានចូលក្នុងដែនសេដ្ឋកិច្ចផ្តាច់មុខហ្វីលីពីន (EEZ) ក្នុងសមុទ្រចិនខាងត្បូងតាំងពីខែមីនាមកម្លេះ។ ទោះរដ្ឋាភិបាលក្រុងម៉ានីលបានដាក់ការតវ៉ាជាមួយរដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងណាក្តី ទូតនេសាទទាំងនោះ នៅតែបន្តបោះយុថ្កានៅកន្លែងនោះដដែល។ នៅក្នុងខែមេសាកន្លងទៅ ហ្វីលីពីន ថែមទាំងកោះហៅ អគ្គរដ្ឋទូតចិន ដើម្បីជជែកពីបញ្ហានេះថែមទៀត។ តែយ៉ាងណាទូកនេសាទទាំងនោះ នៅតែមិនចាកចេញដដែល។

ទំនងជាអស់ភាពអំណត់ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Teodoro Locsin បានសរសេរពាក្យធ្ងន់ៗលើគណនី Twitter របស់ខ្លួន ដើម្បីទាមទារឱ្យចិនដកទូកទាំងនោះចេញ។ «ឆាប់យកវាចេញទៅ»។  រដ្ឋមន្រ្តីការបរទេសហ្វីលីពីន បានលើកឡើងបែបនេះ ដោយបន្តហៅចិនថា គឺជាមិត្តរបស់ខ្លួន។ បើតាមលោករដ្ឋមន្រ្តី ហ្វីលីពីនបានធ្វើអ្វីដែលត្រូវធ្វើអស់ហើយ ដើម្បីជំរុញឱ្យទូកទាំងនោះចាកចេញពីដែនទឹករបស់ខ្លួន។

មួយថ្ងៃបន្ទាប់ ប្រមុខការទូតហ្វីលីពីនរូបនេះ ថែមសរសេរបន្ថែមថា លោកមិនចង់ធ្វើឱ្យប៉ះពាល់អារម្មណ៍រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យីឡើយ ប៉ុន្តែខាងភាគីចិនទេ ដែលធ្វើរឿងទាំងនោះឡើង។

មកទល់ពេលនេះ ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនទាន់ឆ្លើយតបទៅនឹង Twitter  របស់រដ្ឋមន្រ្តីការបរទេសហ្វីលីពីននៅឡើយទេ។ ប៉ុន្តែកន្លងមក មន្រ្តីចិន ធ្លាប់បានអះអាងថា ទូកនេសាទចិន ដែលមានវត្តមាននៅតំបន់ថ្មប៉ប្រះទឹក Whitsun Reef គឺគ្រាន់តែភៀសខ្លួនចេញពីតំបន់សមុទ្រ ដែលមានរលកខ្លាំងប៉ុណ្ណោះ។

ភាពតានតឹងរវាងហ្វីលីពីន និងចិន ជុំវិញបញ្ហាទូកនេសាទជាច្រើនគ្រឿងនេះ ក៏ត្រូវបានអាមេរិក ចូលមកអធិប្បាយផងដែរ។ នៅចុងខែមីនា កន្លងទៅ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីងខិន បានលើកឡើងថា អាមេរិក នឹងឈរនៅខាងហ្វីលីពីន ដើម្បីប្រឈមមុខជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូង។

គួររំលឹក នៅក្នុងឆ្នាំ២០១៦ រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់ តុលាការមជ្ឈតកម្មអន្តរជាតិ (ICA)  ដែលបានច្រានចោលយុត្តាធិការរបស់ចិន ដែលមាននៅក្នុងដែនសមុទ្រចិនខាងត្បូង។ ហ្វីលីពីន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានដាក់ការតវ៉ាផ្លូវទូតចំនួន ៧៨ដងទៅចិន ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង​ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook