រាជធានីភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រសួងពាណិជ្ជកម្មដែលជាអ្នករ៉ាប់រងលក់ស្បៀងជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ក៏បានប្រកាសបិទបញ្ចប់ការលក់ស្បៀងផងដែរនៅល្ងាចថ្ងៃទី០៥ឧសភា ២០២១ ។ នេះបើតាមលោកប៉ែន សុវិជាតិអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ថ្លែងនៅក្នុងវេទិកាមួយកាលពីល្ងាចថ្ងៃទី០៥ ឧសភា ២០២១នេះ ។
លោកបានមានប្រសាសន៍ថា បេសកកម្មរបស់ក្រសួងពាណិជ្ជកម្មបានចាប់ផ្ដើមតាំងពីថ្ងៃទី១៥ មេសា ២០២១ បានដាក់លក់ចល័តនូវស្បៀងជូនដល់ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ហើយចាប់ពីថ្ងៃទី២៩ មេសាដល់ថ្ងៃទី០៥ ឧសភា ២០២១ ក្រសួងបានលក់ស្បៀងជូនដល់ពលរដ្ឋតំបន់ក្រហមនិងតំបន់លៀងទុំ ។ នៅក្នុងដំណាក់ដំបូងពីថ្ងៃទី១៥ដល់ថ្ងៃទី២៨ គឺលក់ស្បៀងដោយប្រើរថយន្តចល័ត និងដំណាក់ទី២លក់ដោយសារស្តង់និងមានការចូលរួមពីវិស័យឯកជន ដោយប្រើកំលាំងសរុបប្រមាណ៣០០នាក់ និងរថយន្តសរុប៥៤គ្រឿង សម្រាប់ដឹកជញ្ជូនស្បៀងទៅកាន់តំបន់បិទខ្ទប់ ។

លោកបន្តថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺចាប់ពីថ្ងៃទី២១ មេសា ដល់ថ្ងៃទី ៤ឧសភា ២០២១ ក្រសួងពាណិជ្ជកម្មបានលក់អង្ករជូនពលរដ្ឋបានចំនួន៤៦៩១បាវ មីជាតិ ១៤.២២១កេះ ទឹកត្រីបាន ៣២៥៤យួរ ទឹកស៊ីអ៊ីវបាន៣៩៩៣យូរ ត្រីខកំប៉ុងចំនួន៧០៩៨យូរ ទឹកសុទ្ធបាន៤០៤កេះ ឆៃប៉ូវបានចំនួន១៥៦២កញ្ចប់ ប្រេងខ្ចង៧កេះ និងប្រេងឆាជាង៦០០ដប ។ក្នុងនោះដែរក៏មានការចូលរួមពីវិស័យឯកជនផងដែរ ដែលជាការចូលរួមចំណែកមួយជាមួយក្រសួងពាណិជ្ជកម្ម ។លោកថា៖«ការចូលរបស់វិស័យឯកជន ធ្វើឱ្យកិច្ចការរបស់ក្រសួងពាណិជ្ជកម្មមានការងាយស្រួលនិងមានការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀងជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម និងតំបន់លឿងទុំ និងការបកស្រាយចម្ងល់ពីមហាជនថាក្រសួងលក់ផ្ដាច់មុខ ដោយមិនអនុញ្ញាតឱ្យវិស័យឯកជនចូលរួមលក់ តែធាតុពិតមានក្រុមហ៊ុនឯកជនច្រើនក៏បានចូលរួមលក់ជាមួយយើងផងដែរ » ។
លោបន្ថែមថា នៅក្នុងរយៈពេល២២ថ្ងៃ ជាពិសេសចាប់ពីថ្ងៃទី២៩មេសា ដល់ថ្ងៃទី០៥ឧសភា ក្រសួងបានរៀបចំ ផ្សារអនឡាញ និងបានភ្ជាប់ការបញ្ជាទិញជាមួយក្រុមហ៊ុនចំនួន៦មកដល់ថ្ងៃនេះ រួមមានក្រុមហ៊ុន វីរៈប៊ុនថាំ ក្រុមហ៊ុនស៊ុបភើអេប ក្រុមអេអនអនឡាញ ក្រុមហ៊ុន Smile Shop ក្រុមហ៊ុនម៉ាក្រូ និងក្រុមហ៊ុនមួយទៀតដែលទើបភ្ជាប់ការបញ្ជាទិញគឺក្រុមហ៊ុន Wow Now ។លោកថា៖« ទោះបីមានការបិទបញ្ចប់ការបិទខ្ទប់ក្រោយថ្ងៃទី០៥ ឧសភា ក្ដី ក្រុមហ៊ុនទាំងនេះ នៅតែដំណើរការភ្ជាប់ជាមួយផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ហើយពលរដ្ឋនៅតែអាចបញ្ជាទិញតាមអនឡាញជាមួយក្រុមហ៊ុនទាំងនេះ បានដដែល » ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសបញ្ចប់ការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងតំបន់តាខ្មៅចាប់ពីថ្ងៃទី០៦ ឧសភា២០២១នេះតទៅ ហើយនៅព្រឹកថ្ងៃទី០៦ ឧសភា ២០២១នេះ មានប្រជាពលរដ្ឋជាច្រើនបានចាកចេញពីផ្ទះដើម្បីបំពេញ ការងារនិងធ្វើការឡើងវិញ ដែលធ្វើឱ្យចរាចរណ៍តាមដងវិថីមួយចំនួនមានភាពមមាញឹកឡើងវិញ ។ យ៉ាងណាក៏ដោយអាជ្ញាធររាជធានីភ្នំពេញ នៅតែបែងចែកជាតំបន់គឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដោយតំបន់ក្រហមមានការរឹតបន្តឹងការចេញចូលជាងគេព្រោះជាតំបន់ដែលនៅតែប្រឈមនឹងការឆ្លងខ្ពស់ ៕