រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋរាប់សិបនាក់ដែលរស់នៅតាមបណ្ដោយផ្លូវវេងស្រេង បានផ្ទុះការតវ៉ាទាមទារឱ្យមានដំណោះស្រាយពាក់ព័ន្ធនឹងករណីបង់ថ្លៃទឹកភ្លើង អំឡុងពេលតំបន់ពួកគេត្រូវបានដាក់ជាតំបន់ក្រហម ធ្វើឱ្យពលរដ្ឋខ្លះបាត់បង់ការងារ និងខ្លះទៀតមិនមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
គួរបញ្ជាក់ដែលថា កាលពីពេលថ្មីៗនេះរដ្ឋាករទឹកក្រុងភ្នំពេញ បានសម្រេចមិនយកថ្លៃប្រើប្រាស់ទឹកពីកម្មករ និងសិស្ស និស្សិត ស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហមដែលកំពុងបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៣ខែ ដោយគិតចាប់ពីខែមីនា មេសា និងខែឧសភា។
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា ប្រាប់សារព័ត៌មាន ក្នុងស្រុក នៅថ្ងៃទី០៨ ខែឧសភាថា ការសម្រេចនេះ ជាការឆ្លើយតបតាមការអំពាវនាវ របស់ សម្ដេច ហ៊ុន សែន កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ដែលស្នើសុំឲ្យរដ្ឋាករទឹកក្រុងភ្នំពេញ និងអគ្គិសនីកម្ពុជា ពិនិត្យមើលលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃទឹក និងភ្លើង សម្រាប់កម្មករ នៅក្នុងតំបន់ ក្រហម ឬតំបន់បិទខ្ទប់។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ វាយតម្លៃថា ផ្ទះជួលរបស់កម្មករ កម្មការិនី និងសិស្ស និស្សិត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់មានប្រមាណ ៨៧០ផ្ទះជួល៕