រាជធានីភ្នំពេញ៖ បើតាមហ្វេសប៊ុកផេកផ្លូវការរបស់អគ្គិសនីកម្ពុជា បានជូនដំណឹងនៅម៉ោង១១យប់ថ្ងៃទី១០ ឧសភា ២០២១នេះថា ចំពោះអតិថិជនមួយចំនួនតូច នៅក្នុងតំបន់បិទខ្ទប់ កន្លងមកទីតាំងមួយចំនួន ត្រូវបានបិទខ្ទប់ជិតទាំងស្រុង ដែលពុំអនុញ្ញាតអោយភ្នាក់ងារស្រង់របស់អគ្គិសនីកម្ពុជា ចូលទៅបំពេញភារកិច្ចបានទេ ដូច្នេះដើម្បីរក្សាប្រក្រតីភាព នៃការចេញវិក្កយបត្រ ជូនអតិថិជនជារៀងរាល់ខែ អគ្គិសនីកម្ពុជា បានសម្រេចឲ្យជំនាញគិតយកមធ្យមភាគ ប្រើប្រាស់ចំនួនបីខែជាប់គ្នា (បូកបញ្ចូលគ្នា៣ខែ រួចហើយចែកជា៣) ដើម្បីធ្វើវិក្កយបត្រ ជូនអតិថិជន ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជិតទាំងស្រុងនោះ ។
គោលដៅសំខាន់ នៃការស្រង់ថាមពល ដោយគិតការប្រើប្រាស់ជាមធ្យមភាគ នៃការប្រើថាមពល ចំនួន៣ខែនេះ គឺ៖
ទី១. ជាតំបន់ក្រហមមានការបិទខ្ទប់ទាំងស្រុង មិនអាចចូលទៅស្រង់ថាមពលបាន ។
ទី២. ដើម្បីកំណត់ការគណនាថ្លៃប្រើប្រាស់ថាមពលអគ្គិសនីអោយបានត្រឹមត្រូវជូនអតិថិជនជារៀងរាល់ខែ ។ ប្រសិនបើអគ្គិសនីកម្ពុជា រក្សាទុកការស្រង់ថាមពលប្រើប្រាស់ ពីរ ឬបីខែ ស្រង់ម្តងនោះ វានឹងធ្វើអោយបរិមាណថាមពលប្រើប្រាស់របស់អតិថិជន មានកំណើនពីរ ឬ បីដង បូកស្ទួនបញ្ចូលគ្នា ហើយពិតណាស់ គឺអត្រាថ្លៃលក់អាចនឹងត្រូវប្រែប្រួលផុតពីអត្រាថ្លៃទាប ៣៨០រៀល ឬ ៤៨០រៀល ឬ ៦១០រៀល/ គីឡូវ៉ាត់ម៉ោង រំកិលតាមលំដាប់លំដោយឆ្ពោះទៅរកអត្រាថ្លៃ ៧៣០រៀល/គីឡូវ៉ាត់ម៉ោង ។
និងទី៣. ការយកមធ្យមភាគ ៣ខែ ដើម្បីចេញវិក្កយបត្របណ្កោះអាសន្ននេះ ពុំមែនជាការកេងចំណេញពីអតិថិជនណាម្នាក់ឡើយ ព្រោះអតិថិជន នៅបន្តការប្រើប្រាស់ជាធម្មតា ពុំមានការកាត់ផ្តាច់ចរន្តឡើយ ឬអាចនឹងមានកំណើនច្រើនជាងមុន ព្រោះត្រូវស្ថិត នៅក្នុងផ្ទះ ហើយម្យ៉ាងទៀត ថាមពលប្រើប្រាស់ក្នុងខែ មករា កុម្ភៈ និងមីនា គឺជាថាមពល ដែលប្រើប្រាស់ក្នុងវេលាអាកាសធាតុមិនទាន់ក្តៅ ដែលអាចខុសពីការប្រើប្រាស់ជាក់ស្ដែង ក្នុងខែមេសា ដែលអាចមានកំណើនច្រើនជាង ដោយសារអាកាសធាតុក្តៅខ្លាំង ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនមួយចំនួនតូច នៅក្នុងតំបន់បិទខ្ទប់ជិតទាំងស្រុង ជ្រាបជាព័ត៌មាន ៕