Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មកំពុងស្រាវជ្រាវ ករណី គយហុងកុង រឹបអូសឈើខុសច្បាប់ ប្រមាណជាង២០០តោន ដែលគ្មានលិខិតអនុញ្ញាតឱ្យនាំចេញពីកម្ពុជា

ភ្នំពេញ៖ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងធ្វើការតាមដាន ដោយយកចិត្តទុកដាក់ លើលើករណី លេចលឺថា គយហុងកុង បានរឹបអូសឈើខុសច្បាប់នៅកម្ពុជា ចំនួន ៧កុងតឺន័រ ដែលមានទម្ងន់ប្រមាណ ២១១តោន ដែលជាប្រភេទឈើរងការគំរាមកំហែង ដែលមានតម្លៃលើទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង (១៤០ ០០០ដុល្លារ) ដែលគ្មានលិខិតអនុញ្ញាត ឱ្យនាំចេញពីកម្ពុជា ខណៈក្រសួងនឹងចាត់ការតាមច្បាប់ជាធរមាន។

ចំពោះចំណាត់ការរបស់ក្រសួងកសិកម្មខាងលើ បន្ទាប់ពីក្រសួង បានសម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅលើ បណ្ដាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានថា គយហុងកុង បានរឹបអូសឈើ ដែលគេសង្ស័យថាមានចំនួន ៧កុងតឺន័រ ទម្ងន់ប្រមាណ២១១តោន ជាប្រភេទឈើរងការគំរាមកំហែង ដែលមានតម្លៃទីផ្សារប្រមាណ ១,១លានដុល្លារហុងកុង (១៤០ ០០០ដុល្លារសហរដ្ឋអាមេរិក) នៅកន្លែងត្រួតពិនិត្យទំនិញគយ ក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលជាឈើ គ្មានលិខិតអនុញ្ញាត ឱ្យធ្វើការនាំចេញពីកម្ពុជាឡើយ (ឈើរត់ពន្ធ)។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូន សាធារណជនជ្រាបថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ក្រសួង ពុំដែល បានរៀបចំបំពេញបែបបទនាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុន ណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ។

ក្រសួងកសិកម្មសង្កត់ធ្ងន់ថា ដូចនេះក្នុងករណី ព័ត៌មានដែល គយហុងកុង បានចាប់ឃាត់ឈើនាំចេញពីកម្ពុជា ជាការពិតមែននោះ គឺជាករណី នាំចេញឈើខុសច្បាប់ (រត់ពន្ធឈើខុសច្បាប់)។

ជាមួយគ្នានោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា “ក្រសូងបាននិងកំពុងយកចិត្តទុកដាក់ ធ្វើការអង្កេតស្រាវជ្រាវលើករណីនេះ ដោយសហការជាមួយក្រសួង និងស្ថាប័ន ពាក់ព័ន្ធ ដើម្បីស្វែងរកការពិត ព្រមទាំងរកអ្នកប្រព្រឹត្តបទល្មើស និងអ្នកពាក់ព័ន្ធមកទទួលទោសតាមច្បាប់ជាធរមាន”៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook