ភ្នំពេញ៖ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា កាលពីឆ្នាំ២០២០ កម្ពុជាបានចំណាយទឹកប្រាក់ ចំនួនប្រមាណជាង ៣៣០ លានដុល្លារ សម្រាប់ចំណាយ លើការនាំចូលជីកសិកម្ម (ថ្នាំសម្លាប់សត្វល្អិត និងស្មៅ)។
តាមទិន្នន័យបានបញ្ជាក់បន្ថែមថា ខណៈវិស័យកសិកម្មកំពុងមានវឌ្ឍនភាពជាបន្តបន្ទាប់ ការនាំចូលជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត និងស្មៅសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ក៏បានកើនឡើងផងដែរ ដោយក្នុងឆ្នាំ ២០២០ ការនាំចូលផលិតផលទាំងអស់នេះ មានទឹកប្រាក់សរុប ៣២៧,៥៧ លានដុល្លារ កើនឡើង ១,២៥ %បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានត្រឹម ៣២៣,៥៤ លានដុល្លារតែប៉ុណ្ណោះ។

ដោយឡែក យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកកម្ពស់ការយល់ដឹង ការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្ម ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នាយកដ្ឋាននីតិកម្មកសិកម្ម តែងចុះផ្សព្វផ្សាយ និងណែនាំជាប្រចាំទៅដល់អាជ្ញាធរពាក់ព័ន្ធ អ្នកលក់ និងប្រជាកសិករពីគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់ថ្នាំ និងជីកសិកម្មជាប្រចាំ។
របាយការណ៍ក្រសួងកសិកម្ម បានឲ្យបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មក្មុងតម្លៃសរុប ៤,៣៧ ពាន់លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនកើនលើស៥០០ លានដុល្លារ៕