ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ដែល អ្នកស្រី ឱម យុវណ្ណា ជាគ្រូបង្រៀនរបាំបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ បានទទួលមរណភាព ដោយជំងឺមហារីកសួត នៅថ្ងៃអង្គារ ទី១៧ ខែឧសភា នាម៉ោងប្រមាណ៣ទៀបភ្លឺ។ សពរបស់អ្នកស្រី នឹងត្រូវបូជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមអ្នកស្រី ម៉ៅ ទិព្វមុនី ដែលជាគ្រូរបាំបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ។
យោងតាមការចេញផ្សាយដោយសារពត៌មានក្នុងស្រុកមួយបានអោយដឹងាថា អាការជំងឺមហារីកសួតរបស់អ្នកស្រី ឱម យុវណ្ណា ចាប់ផ្ដើមធ្ងន់ធ្ងរខ្លាំង ក្នុងរង្វង់ពី៤ទៅ៥ថ្ងៃចុងក្រោយនេះប៉ុណ្ណោះ។ កន្លងមកអ្នកស្រី យុវណ្ណា គ្រាន់តែមានជំងឺសន្លាក់បន្តិចបន្តួចតែប៉ុណ្ណោះ ដោយជំងឺមហារីកសួត មិនបានបញ្ចេញរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ទើបតែថ្មីៗនេះ រោគសញ្ញាមហារីកសួត ចាប់ផ្ដើមវាយលុកអ្នកស្រី ឱម យុវណ្ណា ខ្លាំង។
សូមបញ្ជាក់ថា អ្នកស្រី ឱម យុវណ្ណា គឺជាគ្រូរបាំបុរាណ ឯកទេសនាង នៅសាលាមធ្យមវិចិត្រសិល្បៈ។ អ្នកស្រី បានចូលបម្រើការក្នុងនាយកដ្ឋានសិល្បៈទស្សនីយភាព កាលពីអំឡុងឆ្នាំ១៩៧៩។ លុះក្រោយមក អ្នកស្រីបានចូលបម្រើការងារជាមន្ត្រីនៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ ផ្នែកគ្រូរបាំបុរាណ។ អ្នកស្រី មានកូនស្រី តែមួយរូបប៉ុណ្ណោះ។ ម្ដាយរបស់អ្នកស្រី ឱម យុវណ្ណា ក៏ជាព្រឹទ្ធាចារ្យរបាំព្រះរាជទ្រព្យ កាលពីក្នុងសម័យសង្គមរាស្ត្រនិយមផងដែរ។