ខេត្តកំពត៖ បន្ទាប់ពីបានសម្រេចទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៤ នៅរសៀលថ្ងៃទី១៨ ខែឧសភា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅទីស្នាក់ការលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត។
ជាលទ្ធផល នៃការចាប់ឆ្នោតលំដាប់លេខរៀង ដែលគណបក្សនយោបាយនីមួយៗទទួលបានគឺ
ទី១- គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១
ទី២- គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២
ទី៣- គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣
ទី៤- គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤
បើតាម គ.ជ.ប បានឲ្យដឹងថា ការកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត នឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ហើយជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយនូវលេខរៀង និងឈ្មោះគណបក្សនយោបាយដែលគាត់ស្រលាញ់ពេញចិត្ត។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដែលបានចាប់ឆ្នោតរួចហើយ ក្នុងរយៈពេលយ៉ាងតិច៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត យោងតាមមាត្រា ២៦ នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា៕
រាជរដ្ឋាភិបាលថ្មីៗនេះ បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពតដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា ក្រុងបូកគោ មានសង្កាត់ចំនួន៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក ៕