ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលលោក ជៀប សួរ នៅថ្ងៃទី១៨ ខែឧសភានេះ បានឱ្យដឹងថា ក្រុមហ៊ុន Kris Energy នឹងនាំចេញប្រេងកាតរបស់កម្ពុជាដែលបាននិងកំពុងដំណើរការបូមនៅអណ្តូរអប្សរា ក្នុងប្លុក A ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែឧសភា ឆ្នាំ២០២១នេះ។

លោក ជៀប សួរ បានឱ្យដឹងដែរថា ការនាំចេញប្រេងឆៅជាលើកដំបូង និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជានេះ ក្នុងបរិមាណពី ២៧ម៉ឺន ទៅ ៣០ម៉ឺនប៉ារែល ដែលស្ថិតក្នុងនាវាផ្ទុកប្រេង (១បារ៉ែលស្មើនឹង ១៥៨.៩៩លីត្រ)។
លោកបញ្ជាក់ថា «ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី Kris Energy នឹងនាំចេញប្រេងរបស់កម្ពុជា ទៅលក់នៅលើទីផ្សារអន្តរជាតិ នៅអំឡុងខែឧសភានេះ។ ចំពោះដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអាចនឹងនាំចេញប្រេងឆៅ ក្នុងបរិមាណចន្លោះពី ២៧ម៉ឺនបារ៉ែល ទៅ៣០ម៉ឺនបារ៉ែល ហើយបរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាមការវាស់វែងជាក់ស្តែង»។ លោកអគ្គនាយក មិនទាន់អាចបញ្ជាក់ជុំវិញការនាំចេញប្រេងឆៅលើកដំបូងរបស់កម្ពុជានេះ នឹងត្រូវបានដឹកទៅកាន់ទីផ្សារប្រទេសណា ហើយលក់ក្នុងតម្លៃប៉ុន្មានទេ? ព្រោះត្រូវពិនិត្យទៅតាមស្ថានភាពជាក់ស្ដែង។

គួរបញ្ជាក់ថា អណ្តូងប្រេងកាតចំនួន ៥ ក្នុងប្លុក A តំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញជាបន្តបន្ទាប់ ដោយទទួលបានប្រមាណ ២០០០បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ។
ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាប្រភពធនធានចំណូលថ្មីមួយ ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ដោយរាជរដ្ឋាភិបាល នឹងយកចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល៕