Connect with us

ព័ត៌មានជាតិ

លោក វេង សាខុន ប្រកាសឲ្យអភិបាលខេត្តជាប់ព្រំដែន ត្រូវទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក ពីវៀតណាម ជាបន្ទាន់

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់អភិបាលខេត្តជាប់ព្រំដែនវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសកម្ពុជា។

ការស្នើឡើងរបស់លោករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងបន្ទាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) បានផ្ទុះឡើងជាថ្មីម្តងទៀត នៅក្នុងប្រទេសវៀតណាម។

ក្នុងលិខិតរបស់លោក វេង សាខុន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បច្ចុប្បន្នជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងនោះមានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីបន្តថា ជំងឺនេះបានផ្ទះនៅក្នុងប្រទេសវៀតណាម លើកដំបូងស្ទើរតែពាសពេញផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទះជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានផ្ទះនៅក្នុងប្រទេសវៀតណាមម្តងទៀត ដែលអាចនឹងបន្តឆ្លងរាលដាល យ៉ាងឆាប់រហ័សដល់បណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកម្ពុជា រួមមានខេត្តដាក់ណុង ជាប់ខេត្តមណ្ឌលគិរី, ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី, ខេត្តដុងថាប់ ជាប់ខេត្តព្រៃវែង, ខេត្តកៀនយ៉ាងជាប់ខេត្តកំពត, ខេត្តតៃនិញ ជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង, ខេត្តឡុងអាន ជាប់ខេត្តស្វាយរៀង ខេត្តប៊ិញភូ ជាប់ខេត្តក្រចេះ និងខេត្តអានយ៉ាង ជាប់ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាសញ្ញាហានិភ័យខ្ពស់ នៃការឆ្លងរាលដាល ក្នុងលក្ខណៈទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺនេះ ពីប្រទេសជិតខាងចូលមកព្រះរាជាណាចក្រកម្ពុជា និងបង្ការការខាតបង់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមជ្រូក ព្រមទាំងធានាបាននូវគុណភាព សុវត្ថិភាពសត្វជ្រូក សាច់ជ្រូក ផលិតផលសាច់ និងការពារដល់សុខភាពសាធារណៈនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

Click to comment

Leave a Reply

Your email address will not be published.

Facebook