ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ ស្នើឲ្យអាជ្ញាធរ ខេត្តជាប់ព្រំដែនវៀតណាម ត្រូវជួយទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូក ខុសច្បាប់ ពីប្រទេសវៀតណាម ព្រោះអាចបណ្តាលឲ្យឆ្លងជំងឺ ប៉េស្តជ្រូកអាហ្វ្រិក (ASF)ដល់កម្ពុជា។
ការស្នើរបស់ឯកឧត្តមវេង សាខុន បែបនេះ បន្ទាប់ពីសង្កេតឃើញ បច្ចុប្បន្នជំងឺប៉េស្កជ្រូកអាហ្វ្រិក (ASF) កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងនោះ៖មានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន៖ ប្រទេសវៀតណាម មីយ៉ាន់ម៉ា និងប្រទេសកម្ពុជាផងដែរ។ ជំងឺនេះបានផ្ទុះនៅក្នុងប្រទេសវៀតណាម លើកដំបូងស្ទើរតែពាសពេញផ្ទៃប្រទេសនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ និងបន្តផ្ទុះជារៀងរាល់ឆ្នាំ ហើយនៅថ្ងៃទី៤ខែឧសភា ឆ្នាំ២០២១ បានផ្ទុះនៅក្នុងប្រទេសវៀតណាម ម្ដងទៀត ដែលអាចនឹងបន្តឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដល់បណ្ដាខេត្ត ដែលមានព្រំប្រទល់ ជាប់ជាមួយប្រទេសកម្ពុជា រួមមាន៖ខេត្តដាក់ណុង ផាប់ខេត្តមណ្ឌលគិរី ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី ខេត្តដុងថាប់ ជាប់ខេត្តព្រៃវែង ខេត្តកៀនយ៉ាង ជាប់ខេត្តកំពត ខេត្តតៃនិញ ជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ខេត្តឡុងអាន ជាប់ខេត្តស្វាយរៀង ខេត្តប៊ិញភូ ជាប់ខេត្តក្រចេះ និងខេត្តអានយ៉ាង ជាប់ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាសញ្ញាហានិភ័យខ្ពស់ នៃការឆ្លងរាលដាល ក្នុងលក្ខណៈទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរដល់កម្ពុជា។


តាមសេចក្ដីជម្រាបជូន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមវេង សាខុន បានថ្លែងបញ្ជាក់ថា “ដូច្នេះ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺនេះពីប្រទេសជិតខាង ចូលមកព្រះរាជាណាចក្រកម្ពុជា និងបង្ការការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អ្នក ចិញ្ចឹមជ្រូក ព្រមទាំងធានា បាននូវគុណភាព សុវត្ថិភាពសត្វជ្រូក សាច់ជ្រូក ផលិតផលសាច់ និងការពារដល់សុខភាព សាធារណៈនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើរដ្ឋបាលខេត្តជាប់ព្រំដែន ប្រទេសវៀតណាម ជួយទប់ស្កាត់ ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូក ខុសច្បាប់ពីប្រទេសវៀតណាម ដែលអាចបណ្តាលឱ្យឆ្លង រាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូល ក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី ក្នុងនោះ៖ មានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ៖ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជាផងដែរ។ ហើយសព្វថ្ងៃប្រទេសវៀតណាម កំពុងផ្ទុះជំងឺនេះ ក្រោយរកឃើញម្តងទៀតនៅថ្ងៃ៤ ឧសភាបន្ទាប់ពីបានផ្ទុះនៅវៀតណាម លើកដំបូងស្ទើរតែពាសពេញ ផ្ទៃប្រទេសនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ៕