Connect with us

ព័ត៌មានជាតិ

លោកឃួង ស្រេង និយាយថា បើ​យើង​ដឹងថា បើបើក​ផ្សារ​ទៅហើយ ​ធ្វើ​ឲ្យ​ឆ្លងរាលដាល​​កូ​វីដ​១៩ គឺ​​យើងមិនអាច​ធ្វើ​បានទេ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានលើកឡើងថា បើ​យើង​ដឹងថា បើក​ផ្សារ​ទៅហើយ ​ធ្វើ​ឲ្យមានការរីក​រាលដាល​ឆ្លងជំងឺ​កូ​វីដ​១៩ និង​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់ គឺ​យើង​មិនអាច​បន្តបើកផ្សារទៀតនោះទេ គឺសុខចិត្ត​នៅ​លំបាក​មួយរយៈពេល​សិនបន្តទៀត។

ក្នុងកិច្ចប្រជុំ បន្ទាន់មួយ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមឃួង ស្រេង បានថ្លែងថា ការដាក់​ឲ្យ​ដំណើរការ​ឡើងវិញ គឺ​សំរាប់តែ​ផ្សារ​រដ្ឋ ឬ​ផ្សារ​រៀបរយ​។ ចំពោះ​ផ្សារ​មិន​រៀបរយ​មិនមាន​ការ គ្រប់គ្រង​ច្បាស់លាស់ គឺ​មិន​អនុញ្ញាតិ​ឲ្យ​បើក​ទេ​។ បំរាម​គោចរ​ណ៍​ក្នុង​តំបន់​លឿង ត្រូវបាន​បញ្ចប់​។ គ្រប់​ទីផ្សារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​លក់​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​ផ្នែក​អាហារ ភេសជ្ជៈ​គ្រប់​ប្រភេទ អាច​ដំណើរការ​អាជីវកម្ម​ជា​ប្រក្រតី និង​អាច​ទទួល​អតិថិជន​ឲ្យ​ចូលមក​ទទួលទាន​ក្នុង ក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​ឡើងវិញ និង​បញ្ចប់​ការផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។

ឯកឧត្តមឃួង ស្រេងបន្តថា តែ​សកម្មភាព​ទាំងអស់​ខាងលើ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់ ពិសេស​អនុវត្ត​វិធានការ​៣​កុំ​៣​ការពារ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​។ ចំពោះ​សកម្មភាព ការងារ មុខរបរ​និង​អាជីវកម្ម​ក្លឹប​កំសាន្ត​គ្រប់​ប្រភេទ ជាអាទិ៍​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀ​ហ្គា​ដិ​ន អាជីវកម្ម​ម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោង​សំដែង​សិល្បៈ សារមន្ទីរ ក្លឹប​ហាត់ប្រាណ​និង​មជ្ឈមណ្ឌល​កីឡា ព្រមទាំង​អាជីវកម្ម សេវា​ផ្សេងទៀត ដែល​មិនទាន់មាន​គោលការណ៍​អនុញ្ញាត​ដូច​ក្នុង​ប្រការ​១ នៃ​សេចក្តីសម្រេច​នេះ ត្រូវ​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាស​ន្ត​រហូតដល់​មានការ​សម្រេច​ជាថ្មី​។

ជាមួយគ្នានោះ ចំពោះបញ្ហាបើកផ្សារឡើងវិញ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “បើ​យើង​ដឹងថា បើក​ផ្សារ​ទៅហើយ​ធ្វើ​ឲ្យ​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ គឺ​យើង​មិនអាច​ធ្វើ​បានទេ សុខចិត្ត​នៅ​លំបាក​មួយ រយៈពេល​សិន​ដោយ​មិន​ប្រថុយប្រថាន ​បើក​ច្រក​មរណៈ​នោះទេ ដើម្បី​យើង​បាន​ក្តី​សុខ​ទាំងអស់គ្នា​”។

ឯកឧតមបន្ថែមថា ម្យ៉ាងទៀត គណៈ​គ្រប់គ្រង​ផ្សារ​ទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវតែ​ម៉ត់ចត់ ច្បាស់លាស់ ​តាម​គោលការណ៍​ណែនាំ​។

ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម ឃួងស្រេង ក៏បានណែនាំ​ឲ្យ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវដាក់​ម៉ាស៊ីន​វ៉ាស់​កំដៅ បាញ់​អាលកុល ពាក់​ម៉ាស់ និង​ត្រូវដាក់​មេក្រូ​បំពង​សំឡេង​តាម​មាត់ច្រក​ចេញចូល​ផ្សារ និង​ផ្សព្វផ្សាយ​សារ​អប់រំ ពី​ការការពារ​ការឆ្លង​រាលដាល​ដ៏​សាហាវ នៃ​ជំងឺ​កូ​វីដ​១៩​។

សូមបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​ដក​ពិសោធន៍​វាយ​តំលៃ ពិចារណា​លើ​ការ បន្ត​បើក​ផ្សារ​មិន​រៀបរយ ​នៅ​ដំណាក់កាល​ក្រោយ​ទៀតផងដែរ​៕​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook