ភ្នំពេញ ៖ ក្នុងថ្ងៃឆ្លងបិណ្ឌឬហៅថាភ្ជុំបិណ្ឌនាថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយក្រុមគ្រួសារសាច់ញាតិនិងមន្ត្រីអ្នក មុខអ្នកការនឹងអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តវាំងចាស់ ឃុំវាំងចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែអញ្ជើញមកចូលរួមក្នុងថ្ងៃភ្ជុំបិណ្ឌនៅទីអារាមក្នុងវត្តវាំងចាស់មិន ដែលខានឡើយ សម្តេចបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌និងព្រះសង្ឃ និង បាននាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទានគ្រឿង ឧបភោគបរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលផល បុណ្យ ជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅហើយជាពិ សេសឧទ្ទិសចំពោះវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន,ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នក ឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតាមាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។

នៅទីនោះជារៀងរាល់ឆ្នាំបន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃនូវបច្ច័យ ទេយ្យទាន សម្ភារៈគ្រឿងឧបភោគបរិភោគជាច្រើនមុខសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញទៅថ្វាយទៀនធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមាឧទ្ទិសកុសលផលបុណ្យចំពោះព្រះរតនត្រ័យជាពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះបាទអង្គឌួង លើទួលព្រះវិហារចាស់និង បន្តអញ្ជើញថ្វាយទៀនធូប ផ្កាភ្ញីនៅលើព្រះវិហារថ្មី និង អញ្ជើញបន្តទៅគោរពបដិបត្តិនៅរូបសំណាកវីរបុរសអ្នកស្នេហាជាតិ ដែលមានគុណបំណាច់ ក្នុងការការពារជាតិមាតុភូមិ។

វត្តវាំងចាស់មាននាមដើមថាវត្តហរិរក្សរាជិនី ចំណេរក្រោយមកវត្តនេះ ត្រូវបានហៅក្លាយថាវត្តក្នុងវាំង ឬវត្តវាំងចាស់តរៀងមក។ នាសម័យដើមវត្តនេះមានភាពរុងរឿងជាវត្ដសំបូរទៅដោយគម្ពីរដីកាភាសាបាលីនិងសំរាយ, ជាវត្ដដែលបណ្ដុះព្រះសង្ឃជាបណ្ឌិតមានចំនួនច្រើនអង្គក្រោមព្រះរាជូបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ។ ប៉ុន្តែវត្ថុបុរាណនិងសមិទ្ធផលទាំងឡាយនៅក្នុងទីអារាមនេះ ត្រូវបានបាត់បង់អន្តរាយអស់ដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍។

ក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ទីអារាមនេះ ក៏ដូចជាទីអារាមនានាដែរ បានដំណើរការឡើងវិញ ប៉ុន្តែដំបូងនោះមានតែសាឡុំមួយដែលសង់លើទីទួលព្រះវិហារចាស់ប៉ុណ្ណោះ។ រហូតមកដល់ឆ្នាំ១៩៩៦ សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សកម្មបានដឹកនាំកសាងទីអារាមប្រវត្តិសាស្ត្រនេះឡើង វិញបានរីកចម្រើនគួរឲ្យកត់សំគាល់។សមិទ្ធផលដែលសម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដឹកនាំកសាង នៅក្នុងទីអារាមនេះមានដូចជាព្រះវិហារ, ដងទង់, របង, ខ្លោងទ្វារ, ឧបដ្ឋានសាលា, កុដិ,សាលា រៀន,សាលាពុទ្ធិកសិក្សា, រូបសំណាកវីរបុរសអ្នកស្នេហាជាតិព្រមទាំងផ្លូវបេតុងនិងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឲ្យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ៕







