ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានអនុញ្ញាតិឱ្យលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម។

នាឱកាសនោះ ក្រសួងបរិស្ថានបានឱ្យដឹងថា បេសកកម្មជាឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា លោកស្រី បានមានប្រសាសន៍ថា លោកស្រីក៏ចង់សិក្សាឈ្វេងយល់បន្ថែម នូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការ រវាងប្រទេសទាំង២ឱ្យកាន់តែប្រសើរ ជាពិសេសលើកិច្ចការងារគ្រប់គ្របសំរាម ទឹកស្អាត និងការពង្រឹងសមត្ថភាពមន្ត្រី។ លោកជំទាវសង្ឃឹមថា នៅពេលខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាងកម្ពុជា និងសិង្ហបុរី លើវិស័យសំខាន់ៗនានា ជាអាទិ៍ បរិស្ថាន នគរូបនីយកម្ម និងទូរគមនាគមន៍ ព្រមទាំងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសាទរចំពោះវត្តមានរបស់លោកស្រីឯកអគ្គរដ្ឋទូត ដែលត្រូវបាន រដ្ឋាភិបាលប្រទសសិង្ហបុរី ផ្តល់នូវសេចក្តីទុកចិត្ត តែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជា ។ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនពី សក្តានុពលដែលសិង្ហបុរី បានសហការ និងគាំទ្រកម្ពុជានាពេលកន្លងមក គឺការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអប់រំសិក្សាធិការ តាមរយៈការផ្តល់អាហារូបករណ៍ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជាក់ស្តែងរដ្ឋាភិបាលសិង្ហបុរីទើបតែបានផ្តល់អាហារូបករណ៍ ដល់មន្ត្រីជាយុវជនបន្តវេន៤នាក់ ទៅសិក្សានៅសាលាគោលនយោបាយលីក្វាន់យូ សម្រាប់ក្រសួងបរិស្ថានផងដែរ។

លោក បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងការវិវឌ្ឍថ្មី ជាពិសេសក្នុងវិស័យបរិស្ថាន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមបណ្ដារាជធានី ខេត្តគោលដៅ ជាអាទិភាពរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ លោករដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជា នៅក្នុងការរៀបចំរបាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់កម្ពុជា (Cambodian NDC Update) ក្នុងការអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រអភិវឌ្ឍន៍ ដែលបញ្ចេញកាបូនតិច (LEDs) យុទ្ធសាស្ត្រ REDD+ ជាតិ និងបទពិសោធន៍ ការចរចាឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត៕