ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា គិតត្រឹមរយៈពេលពេល ៥ខែដំបូង ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិន បានចំនួន១៥.២ម៉ឺនតោន ដោយច្រើនជាងឆ្នាំ២០២០ ចំនួន១០.៨ម៉ឺនតោន។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំព្រះរាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា “យោងតាមរបាយការណ៍តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិន ចំនួន១៥.២ម៉ឺនតោន ច្រើនជាងឆ្នាំ២០២០ចំនួន១០.៨ម៉ឺនតោន”។
ជាមួយគ្នានោះ ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា ក្រោយពីបាននាំផ្លែស្វាយស្រស់កម្ពុជា ចូលទៅកាន់ទីផ្សារចិន ដោយជោគជ័យមក បរិមាណនាំចេញក្នុងរយៈពេល៥ខែដំបូង នាឆ្នាំនេះមានកំណើនកើនដល់៣៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

លើសពីនេះទៀតស្ថានទូតចិន បញ្ជាក់បន្ថែមថា ផ្លែស្វាយកម្ពុជា គឺជាផ្លែឈើស្រស់ទី២ ដែលមានគុណភាពត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីផ្លែចេក។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់ មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន កុះករ ក្នុងខេត្តហ្គ័ងស៊ី នៅកំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន៕