Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចិនប្រកាសបញ្ចប់ «គោលនយោបាយកូនពីរ» ដោយអនុញ្ញាតឲ្យប្រជាជន អាចមានកូនដល់បីនាក់ ក្នុងមួយគ្រួសារ

ប៉េកាំង៖ នៅថ្ងៃចន្ទនេះ ប្រទេសចិនបានប្រកាសថា ប្រជាជននឹងត្រូវអនុញ្ញាតឲ្យចាប់ផ្តើមមានកូនបានដល់ ៣នាក់ក្នុងមួយគ្រួសារ ដែលវាគឺជាការផ្លាស់ប្តូរធំមួយ ពីគោលនយោបាយកំណត់ការយកកូនបានត្រឹម២នាក់ នាពេលបច្ចុប្បន្ន បន្ទាប់ពីទិន្នន័យថ្មីៗនេះបង្ហាញឲ្យឃើញ ពីការថយចុះយ៉ាងគំហុកនៃអត្រាកំណើតទារក នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត លើលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មានដើមពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ ការកែប្រែយ៉ាងសំខាន់ខាងលើនេះ ត្រូវបានអនុម័តកំលុងកិច្ចប្រជុំមួយនៃ ការិយាល័យនយោបាយ របស់គណបក្សកុម្មុយនិស្តចិន ក្រោមអធិបតីភាពរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ កាលពីពេលកន្លងទៅ ក្នុងខែឧសភានេះ ចិនបានចេញរបាយការណ៍ជំនឿន ដែលធ្វើឡើងមួយទសវត្សរ៍ម្តងរបស់ខ្លួន។ ក្នុងនោះបានបង្ហាញថា កំណើនប្រជាជនចិន បានកើនឡើងក្នុងអត្រាដ៏យឺតបំផុត កំលុងទសវត្សរ៍ទៅ បើគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក។

គួរបញ្ជាក់ថា កាលពី២០១៦ ចិនបានសម្រេចលុបចោលគោលនយោបាយរាប់ទសវត្សរ៍របស់ខ្លួន ដែលកំណត់ឲ្យប្រជាជនចិនអាចមានកូន បានត្រឹមម្នាក់ក្នុងមួយគ្រួសារ ក្រោមគោលដៅព្យាយាមទប់ស្កាត់កំណើនប្រជាជន ហើយអនុញ្ញាតឲ្យមានកូនបាន២នាក់៕

Click to comment

Leave a Reply

Your email address will not be published.

Facebook