Connect with us

ព័ត៌មានទាន់ហេតុការណ៍

អ្នកពន្លត់អគ្គីភ័យនៅរដ្ឋកាលីហ្វ័រញ៉ា បាត់បង់ជីវិត ដោយសារការប្រឹងប្រែងប្រយុទ្ធនឹងភ្លើងឆេះព្រៃ

(ឡូសអាន់ជែលែស)៖ សមាជិកម្នាក់នៃក្រុមពន្លត់អគ្គីភ័យបានបាត់បង់ជីវិត ដោយសារតែព្យាយាមប្រយុទ្ធនឹង ភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក ខណៈចំនួនមនុស្សស្លាប់សរុប គិតតែនៅក្នុងរដ្ឋនេះមួយប៉ុណ្ណោះបានកើនឡើងដល់ ២៦នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។

អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាបានអះអាងថា ភ្នាក់ងារពន្លត់អគ្គីភ័យម្នាក់ខាងលើនេះ បានស្លាប់នៅក្នុងតំបន់ភ្លើងឆេះព្រៃ អ៊ែល ដូរ៉ាដូ (El Dorado) ដែលគ្របដណ្តប់លើផ្ទៃដីជាង ៨៧គីឡូម៉ែត្រក្រឡា ខណៈស្ថានការណ៍នៅទីនោះ ត្រូវបានគ្រប់គ្រងប្រមាណ ៦៦%ភាគរយហើយ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ។ ដោយឡែកឈ្មោះរបស់អ្នកពន្លត់អគ្គីភ័យដែលបានបាត់បង់ជីវិត នៅមិនទាន់មានការបញ្ជាក់នោះឡើយ។

គួរបញ្ជាក់ថា គិតតែនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាមួយប៉ុណ្ណោះ ភ្លើងឆេះព្រៃបានកើតមានឡើងជាច្រើនកន្លែង និងឆាបឆេះអស់ជាច្រើនសប្តាហ៍មកហើយ។ ក្រុមពន្លត់អគ្គីភ័យប្រមាណ ១៨,៥០០នាក់ត្រូវបានដាក់ពង្រាយ ទៅតាមទីតាំងជួរមុខ។ គិតចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់ដើមខែកញ្ញានេះ អគ្គីភ័យបានលេបត្របាក់ផ្ទៃដី និងព្រៃឈើសរុប ៣.៤លានហិកតានៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយស្ថានភាពធ្ងន់ធ្ងរបំផុតបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៥ ខែសីហា ដែលបានបណ្តាលឲ្យលំនៅឋាន និងអគារនានាសរុប ៥,៥០០ខ្នងវិនាសហិនហោច៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook