ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ដោយសារអាកាសធាតុអំណោយផលក្នុងរយៈពេល៥ ខែ ឆ្នាំ២០២១នេះ ធ្វើឱ្យកសិករប្រមូលផលបានចំនួនច្រើន និងកើនឡើង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពី ឆ្នាំ២០២០កន្លងមក ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក) នាព្រឹកថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា “ឆ្នាំនេះជាឆ្នាំល្អក្នុងរយៈពេល៥ ខែ ដើមឆ្នាំនេះ ក្នុងទិន្នផលស្រូវប្រាំង ជាក់ស្តែងក្នុងផ្ទៃដីជាង ៦៤៦ពាន់ហិកតា ដាំដុះ បានផលជាង២លាន ៩សែន ៣ម៉ឺនតោន មានកំណើនច្រើនជាងឆ្នាំ២០២០ រហូត៣រយ ១៥ ពាន់តោន នេះជាលទ្ធផលមួយល្អ”។ ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា មកដល់ពេល នេះ ប្រជាកសិករបានចាប់ផ្តើមដាំស្រូវវស្សាបានសម្រេចជាង៣៦ភាគរយ ហើយ លើផ្ទៃដី គ្រោងដំាដុះប្រមាណជាង២លាន ៦សែនហិកតា ក្នុងនោះ ល្បឿនការងារបង្កបង្កើនផល ច្រើនជាងឆ្នាំកន្លងមកបានប្រមាណ៣រយពាន់ហិកតា។ ក្រៅពីដំណើរការលើកទិន្នផល ស្រូវឯកឧត្ដមរដ្ឋមន្ត្រីក៏បានលើកឡើងពីដំណាំឧស្សាហកម្មក៏មានចំនួនកើនឡើងផងដែរ ក្នុងនោះមានកំណើនជាង៤២ភាគរយ នៃផែនការ ដែលលើសឆ្នាំ ២០២០ ចំនួន ១១ ០០០ ហិកតា។


ឯកឧត្ដមបានឱ្យដឹងដែរថា ចំពោះការនាំចេញដំណាំកសិផលរបស់ប្រជាកសិករ ត្រូវបានចាត់ទុកថាជាឆ្នាំមួយជោគជ័យដែលមិននឹកស្មានដល់គឺការនាំចេញមានចំនួនជាង ៤លាន១៨៧តោន ក្នុងខណៈកាលពីឆ្នាំមុន រយៈពេលមួយឆ្នាំបានតែជាង៤លានតោនប៉ុណ្ណោះ។ ប៉ុន្ដែផ្ទុយទៅវិញ ក្នុងឆ្នាំ២០២១នេះ បើគិតចំនួនតែ៥ខែ គឺមានចំនួនកើនជាង៤លានតោន ដែលនាំចេញទៅក្រៅប្រទេស គឺមានជាង៥០ប្រទេសនៅទូទាំងពិភពលោក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ចំនួនកសិផលដែលនាំចេញត្រូវបានវាយតម្លៃតាមរយៈភូគាមអនាម័យក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ គឺជាង៤លានតោន ដែលគិតជាទឹក ប្រាក់ប្រមាណ ២ ២៣៥ លានដុល្លារអាម៉េរិក ក្នុងនោះមានការនាំ អង្ករ ស្រូវ និងការនាំ ចេញកសិផលផ្សេងទៀត។ ទន្ទឹមនេះ កសិផលដែលនាំចេញក៏មានពោតក្រហម និងស្វាយចន្ទី ផងដែរ។

បើតាមឯកឧត្ដម វេង សាខុន ក្នុងឆ្នាំ២០២០កន្លងមក រយៈពេល៥ខែ ស្វាយចន្ទីបាន នាំចេញជាង២០០ពាន់តោន ចំណែករយៈពេល៥ខែ ឆ្នាំ២០២១ បាននាំចេញបានជាង៨០០ពាន់តោន ដែលកើនជាងឆ្នាំកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា គោលដៅរយៈពេល៣ឆ្នាំខាងមុខ នឹងនាំចេញស្វាយចន្ទីឱ្យបាន១លានតោន។ ដោយឡែកចំពោះ ការចឹញ្ចឹមសត្វ ក៏មានសន្ទុះកើនឡើងដែរ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ក្រសួងដាក់ផែនការកាត់បន្ថយការនាំចូលពីក្រៅ ដោយបង្កើនការចិញ្ចឹមក្នុងស្រុកវិញ។ ជាមួយគ្នានេះ បើគិតពីពេលមុនមក គឺមានក្រុមហ៊ុននាំចូលសត្វប្រមាណជាង១០ក្រុមហ៊ុន តែពេលនេះបានកាត់បន្ថយនៅសល់ប្រមាណ៦ក្រុមហ៊ុនប៉ុណ្ណោះ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា កាលពីពេលមុនក្នុងមួយថ្ងៃនាំចូលជ្រូកជាង១ម៉ឺនក្បាល ប៉ុន្ដែបច្ចុប្បន្នដោយថយមកត្រឹម ៨ ០០០ ក្បាល រហូតដល់៥០០ ក្បាល ឬ៣០០ក្បាលផងដែរ ហើយមូលហេតុកាត់បន្ថយការនាំចូលសត្វនេះដោយសារក្រសួងកសិកម្ម បានជំរុញឱ្យមានការចិញ្ចឹមក្នុងស្រុកមានសន្ទុះកើនឡើង៕