Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ភ្នំពេញ​ដាក់​ឱសានវាទ១​ស​ប្ដា​ហ៍​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក និង​សំណង់​មិន​រៀប​រយ​​លើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើចេញ​ជា​បន្ទាន់

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា កន្លង​មក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ីមាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការបន្ទោរ​​បង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹកបំពុល​​បរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ​ប្រជាពលរដ្ឋដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ​។

សេចក្តីជូនដំណឹង បានឱ្យ​ដឹង​ទៀត​ថា ចំពោះ​មុខ ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុប​បំបាត់​បាតុភាព​អសកម្ម​ខាងលើរដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវ​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូច​ៗ និង​ម្ចាស់​សំណង់​មិនរៀបរ​យ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជា​បន្ទាន់ ដោយ​ទុក​រយៈពេល១ (​មួយ​) ស​ប្ដា​ហ៍ គិត​​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ​។ ផុត​រយៈពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត ឬ​ការ​បាត់បង់​ណាមួយ​ឡើយ ហើយ​ក្នុង​ករ​ណ៏​រឹងរូសអាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​។

ទន្ទឹម​នឹង​នេះ រ័​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ប្តូរ​ទ​ម្លា​ប់ពី​ការ​ចិញ្ចឹម​ត្រី​តាម​បែ​លើផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជនជា​ពិសេស​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ម្ចាស់ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូច​ៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេទាំងអស់​នឹង​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​នេះ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ផលប្រយោជន៍​រួម​របស់​រាជធានី​ភ្នំពេញ​៕

Picture

Click to comment

Leave a Reply

Your email address will not be published.

Facebook