Connect with us

ព័ត៌មានជាតិ

ខេត្តកំពតបន្តស្វាគមន៍ភ្ញៀវទេសចរជាធម្មតាទោះបីស្ថិតក្នុងការអនុវត្តវិធានការរដ្ឋបាលរយៈពេល១សប្តាហ៍បន្តទៀតក៏ដោយ

(ភ្នំពេញ)៖ អាជ្ញាធរខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតបន្តស្វាគមន៍ភ្ញៀវទេសចរជាធម្មតាទោះបីស្ថិតក្នុងការអនុវត្តវិធានការរដ្ឋបាលរយៈពេល១សប្តាហ៍បន្តទៀតក៏ដោយ ខណៈដែលរដ្ឋបាលខេត្តបានពង្រឹងវិធាន សុវត្ថិភាពនៅតាមតំបន់ទេសចរណ៍នានាទូទំាងខេត្តដែលបង្កើនភាពកក់ក្តៅដល់ភ្ញៀវដែលទៅលេងកម្សាន្ត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ខណៈដែលក្រសួងទេសចរណ៍ បន្តណែនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានក្រសួងទេសចរណ៍ ដូចនេះរដ្ឋបាលខេត្តកំពតបានដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេល១ សប្តាហ៍បន្តទៀត ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ។

លោកបានបន្តថា ចំពោះការអនុវត្តវិធានការរដ្ឋបាលរយៈពេល១សប្តាហ៍បន្តទៀតគឺមិនប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងខេត្តនោះទេ គឺភ្ញៀវទេសចរអាចមកលេងកម្សាន្តបានជាធម្មតា នៅតាមគោលដៅទេសចរណ៍ដែលពួកគាត់ចង់ទៅ ដោយគោរពទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល។

លោកបានបន្តទៀតថា ចំពោះការអនុវត្តបែបនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋផ្អាកក្នុងការលក់គ្រឿងស្រវឹង និងកាត់បន្ថយការជួបជុំគ្នា ជាពិសេសគឺបិទការធ្វើចរាចរណ៍ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការកាត់ផ្តាច់ការឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះ។

ទី១គោលបំណងនៃសេចក្តីសម្រេចគឺ ចង់មិនឱ្យមានការលក់គ្រឿងស្រវឹង តាមសេវាកម្មទទួលទានគ្រឿងស្រវឹង ក៏ដូចជាអ្នកលក់បន្ត និងដេប៉ូលក់គ្រឿងស្រវឹងជាដើម ទី២ អ្វីដែលខ្ញុំមើលឃើញ នៅក្នុងសេចក្តីសម្រេចនេះ គឺគ្រាន់តែបិទការធ្វើដំណើរនៅពេលយប់ ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ហើយនិងការលក់ដូរគឺហាមឃាត់ការលក់ដូរផ្សេងៗនៅពេលយប់ ដែលយើងបិទចរាចរណ៍នេះ ប៉ុន្តែការផ្គត់ផ្គង់អាហារនៅពេលយប់ក៏អាចធ្វើបានតាមរយ:ការវេចខ្ចប់ ចឹងខ្ញុំគិតថា វាមិនមានការប៉ះពាល់អីទេ សម្រាប់បងប្អូនដែលដើរលេងកម្សាន្ត។

សូមបញ្ជាក់ថា ខេត្តកំពត មានតំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើនហើយតំបន់ដែលភ្ញៀវចូលចិត្តទៅលេងកម្សាន្តមានដូចជា៖ រមណីយដ្ឋានភ្នំបូកគោ , ទឹកឈូ , កំពង់ត្រាច , ភ្នំឈ្ងោក , ដូងទេរ , ព្រែកត្នោត , ព្រែកកំពត , ឧទ្យានដងព្រែក , ទឹកធ្លាក់តាដា , ទំនប់ម្លិច , សហគមន៍ត្រពាំងសង្កែ , កសិទេសចរណ៍, ចម្ការម្រេច និងកន្លែងជាច្រើនទៀត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook