Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រើធម៌ក្ដៅហើយ! វៀតណាមប្រកាសបង្ក្រាបលើពលករបរទេសខុសច្បាប់ ចេញឲ្យអស់ពីប្រទេសខ្លួន

ប្រទេសវៀតណាម៖ ក្នុងកាលៈទេសៈប្រទេសវៀតណាមកំពុងងើបឈរប្រយុទ្ធតតាំងជាមួយវីរុសកូវីដ-១៩ ដែលករណីឆ្លងនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹមនឹងនេះដែលប្រទេសនេះបានប្រកាសបង្ក្រាបលើពលករបរទេសខុសច្បាប់។

ក្នុងសេចក្តីប្រកាសជាផ្លូវការមួយ ក្រសួងការងារវៀតណាម បានស្នើសុំឲ្យរឹតបន្តឹងលើច្បាប់និងការអនុវត្តន៍ លើជនបរទេសដែលកំពុងធ្វើការនៅប្រទេសវៀតណាម។ ក្រសួង បានជំរុញឲ្យមន្រ្តីខេត្តក្រុង ត្រូវរឹតបន្តឹងលើពលករបរទេស និងពិចារណាក្នុងការនិរទេសអ្នកដែលមិនមានឯកសារធ្វើការត្រឹមត្រូវ ឬមិនបានអនុវត្តតាមនីតិវិធី ដើម្បីធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសវៀតណាម។

មូលហេតុចម្បងសម្រាប់ការរឹតបន្តឹងនេះ គឺដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ក្នុងប្រទេសវៀតណាម។ រដ្ឋមន្រ្តីក្រសួងការងារលោក Dao Ngoc Dung ជឿជាក់ថា ជនបរទេសគឺជាអ្នកនាំបញ្ហា នៅពេលពួកគេចូលមកប្រទេសវៀតណាម ដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើ។

ស្របពេលជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តីបានស្នើឲ្យមន្រ្តីមូលដ្ឋាន បង្កើនការត្រួតពិនិត្យការងារ និងកុំអត់ធ្មត់ចំពោះការរំលោភបំពានដោយអង្គការឬជនណា ដែលជួលបុគ្គលិកខុសច្បាប់ឬរំលោភច្បាប់ការងាររបស់ប្រទេសវៀតណាម។

លើសពីនេះទៀត លោកបានប្រគល់ការងារទៅឲ្យបណ្តាភ្នាក់ងារដែលសមស្រប ដើម្បីពិនិត្យឡើងវិញនូវស្ថានភាពនិងភាពស្របច្បាប់របស់បុគ្គលិកបរទេសទាំងអស់ ដែលបើកអាជីវកម្មនិងគ្រឹះស្ថាននានានៅទូទាំងប្រទេស។

ក្រៅពីការបង្ក្រាបនៅខាងក្នុងប្រទេស ការអំពាវនាវឲ្យពង្រឹងព្រំដែនកាន់តែតឹងរ៉ឹង ក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីគ្រប់គ្រងជនបរទេសដែលចូលប្រទេសវៀតណាម។

លោករដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យសហគ្រាសនិងគ្រឹះស្ថានទាំងអស់ដែលមានបុគ្គលិកបរទេស ត្រូវត្រួតពិនិត្យដើម្បីអនុវត្តតាមរាល់វិធានសុវត្ថិភាពកូវីដផងដែរ។ អាជីវកម្មណាដែលរកឃើញថា មិនបានបំពេញតាមបទបញ្ជាសុវត្ថិភាព នឹងត្រូវបិទ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook