Connect with us

ព័ត៌មានសេដ្ឋកិច្ច

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ស្នើឱ្យអាជីវករបញ្ឈប់ជាបន្ទាន់ ការយកមេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ ដែលបង្កឱ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរលើសុខភាពអ្នកប្រើប្រាស់

(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ស្នើឱ្យអាជីវករបញ្ឈប់ជាបន្ទាន់ការយកមេតាណុលធ្វើជាសារធាតុសម្លាប់មេរោគឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគ ដែលបង្កឱ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរទៅលើសុខភាពអ្នកប្រើប្រាស់ និងឈានទៅដល់ការបាត់បង់ជីវិត។
ថ្លែងក្នុងសារព័ត៌មានពាក់ព័ន្ធករណីបង្ក្រាបអាល់កុលក្លែងក្លាយនៅក្រសួងមហាផៃ្ទឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានឱ្យដឹងថានាពេលបច្នុប្បន្ននេះ មានជនឆ្លៀតឱកាសមួយចំនួនបានបន្លំយកសារធាតុមេតាណុល មកលក់ជូនពលរដ្ឋ ដើម្បីយកទៅសម្លាប់មេរោគឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគ កំពុងបាននាំចូល ស្ដុកទុក និងចែកចាយនៅលើទីផ្សារកម្ពុជាស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ ដែលអ្នកប្រើប្រាស់កំពុងមានតម្រូវការប្រើប្រាស់ច្រើន ជាហានិភ័យងាយរងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគមិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេតែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ តាមរយៈការស្រូបចូល ជ្រាប ចូលតាមស្បែក ឬការលេបចូល មានដូចជារលាកស្បែក រលាកភ្នែក ងងុយដេក បាត់ស្មារតី ឈឺក្បាល វិលមុខ ធីងធោង ឈឺពោះរំខានដល់ការរំលាយអាហារពិបាកដកដង្ហើមស្រវាំងភ្នែក ឬងងឹតភ្នែកក្អួតបែកពពុះមាត់ ឬកួតធ្លាក់ឈាម ធ្វើឱ្យខូចក្រលៀន បញ្ហាបេះដូង និងចរន្តឈាម ខូចថ្លើម ខូចប្រពន្ធ័សរសៃប្រសាទនិងខួរក្បាល បាត់បង់ស្មារតី ឬសន្លប់ ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យបាត់បង់ជីវិត។ ដូចនេះ ឯកឧត្តមបញ្ជាក់ថា ដើម្បីទប់ស្កាត់និងបង្រ្កាបឱ្យបាននូវទីតាំងដែលកំពុងចរាចរផលិតផលក្លែងក្លាយឱ្យមានប្រសិទ្ធភាពបន្ថែមទៀតគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងបន្តតាមដានស្រាវជ្រាវលើកិច្ចការងារនេះបន្ថែមទៀតដើម្បីនាំជនល្មើសឱ្យទទួល ខុសត្រូវតាមផ្លូវច្បាប់។

គឺយើងអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ដែលបានបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យសមត្ថកិច្ចបង្កើនកិច្ចប្រឹងប្រែងបង្កើនប្រតិបត្តិការធ្វើយ៉ាងណាបង្ក្រាបក្រុមដែលឆក់ឱកាសនេះ ដែលយើងកំពុងតែវីវក់ក្នុងវិបត្តិកូវីដ ១៩ផង បែរជាដាក់សារធាតុអីផ្ដេសផ្ដាស មកលក់ឱ្យយើងយកលុយ ហើយយើងខំប្រឹងលាងដៃថាវាស្អាតហើយ មេរោគងាប់ហើយ ទៅជួបប្រពន្ធកូនទៅធ្វើការកន្លែងផ្សេងៗបែរជាមិនងាប់មេរោគ ហើយបែរជាមេរោគនៅជាប់ដៃជាប់ជើងគ្រប់ទិស គ្រប់ទីកន្លែង។ ហើយពេលខ្លះមិនត្រឹមតែលាងតែដៃទេគឺចូលទៅក្នុងម៉ាស៊ីន Spray បាញ់បង្វិលខ្លួនជាដើម។ អ៊ីចឹងសម្ដេចក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បង្ក្រាបឱ្យបានម៉ឺងម៉ាត់ ជាពិសេសបុគ្គលដែលឆ្លៀតឱកាសដែលយើងកំពុងតែទប់ស្កាត់នូវជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋបែរជាពួកគាត់ធ្វើផ្ដេសផ្ដាសអ៊ីចឹងទៀត ដូច្នេះទីតាំងខុសច្បាប់ទាំងនេះយើងបានបិទ និងស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធទាំងអស់មកទទួលខុសត្រូវតាមផ្លូវច្បាប់។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អំពាវនាវដល់អាជីវករលក់ដុំលក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់សូមប្រកបរបរអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាពដោយគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ខ្ពស់ជាងផលចំណេញរបស់ខ្លួន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយ មានការសម្របសម្រួលនីតិវិធី ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបទីតាំងឃ្លាំងចំនួន៣ ដែលជាទីតាំងស្តុកទុក និងចែកចាយអាល់កុលស្ថិតនៅភូមិព្រែកទាល់ ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានរកឃើញវត្ថុតាងអាល់កុលចំនួន ១,៥០៨ កាន និងសារធាតុមេតាណុល (METHANOL) ចំនួន ១៣១ធុង សរុបចំនួន ៧៤,០៦០លីត្រ (ប្រាំពីរម៉ឺនបួនពាន់ហុកសិបលីត្រ) ដែលអាល់កុលទាំងអស់នេះជាប្រភេទអាល់កុលក្លែងក្លាយគ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រសម្រាប់សម្លាប់មេរោគផ្សេងៗជាពិសេសមេរោគកូវីដ-១៩ អ្វីទាំងអស់ ពុំមាន ច្បាប់អនុញ្ញាតពីក្រសួង- ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook