Connect with us

ព័ត៌មានជាតិ

លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព

រាជធានីភ្នំពេញ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នៅថ្ងៃព្រឹក​ថ្ងៃសុក្រទី ៤ខែមិថុនានេះ បានបើ​កកិច្ច​ប្រជុំសម្រេច​លើ​​ពាក្យ​សុំ​លាឈប់​ពីតំណែងប្រធាន​គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) របស់​លោក​ស៊ិក ប៊ុន​ហុក។ លោក​ស៊ិក ប៊ុន​ហុក វ័យ ៧៥ឆ្នាំ ​បាន​សម្រេច​ដាក់​ពាក្យ​​លាឈប់ ពីតំណែងប្រធានគ.ជ.ប ក្នុងសប្តាហ៍នេះ ដោយ​បញ្ហា​សុខភាព។ នេះបើតាមការ​បញ្ជាក់​ពីលោក​ឌឹម សុវណ្ណារ៉ុំ សមាជិក និង​ជា​អ្នក​នាំពាក្យ​គ.ជ.ប ប្រាប់​វិទ្យុបារាំងនៅថ្ងៃសុក្រនេះ។​ ក្រោយ​ការ​លាឈប់​នេះ រដ្ឋសភា នឹងរៀបចំ​នីតិវិធីដើម្បីជ្រើសរើស​បេក្ខភាព​ជំនួស​តំណែងលោក​ស៊ិក ប៊ុនហុក។

លោក​ឌឹម សុណ្ណារ៉ុំ បានបញ្ជាក់ថា ដោយសារ​តែបញ្ហា​សុខភាព​ផ្ទាល់ខ្លួន លោក​ស៊ិក ប៊ុនហុក ក៏សម្រេច​ដាក់​ពាក្យ​លាឈប់​ពីតំណែងជាប្រធានគ.ជ.ប ដោយ​ខ្លួន​លោក ដើម្បី​សម្រាក​ព្យាបាល។ តាមលោក ឌឹម សុវណ្ណារ៉ុំ មុន​ពេល​ដែល​រដ្ឋសភា អាចជ្រើសរើសអ្នក​ជំនួស​តំណែង​ជាប្រធានគ.ជ.ប បាន គឺអនុប្រធានគ.ជ.ប ជាអ្នក​កាន់​ការងារជាប្រធានស្តីទីជំនួសលោក​ស៊ិក ប៊ុន​ហុក។

នៅក្នុង​សម័យប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃរដ្ឋសភា តាម​ប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រទី ៤ខែមិថុនានេះ បាន​អនុម័ត​យល់​ព្រម​នូវពាក្យ​សុំលាឈប់​ពីតួនាទី និងតំណែង​ប្រធានគ.ជ.ប របស់​លោក​ស៊ិក ប៊ុន​ហុក។ អង្គប្រជុំ បាន​អនុម័ត​យល់​ព្រម​នូវសេចក្តីព្រាង​សេចក្តីសម្រេច​ ស្តីពីការ​កំណត់​បែបបទ និង​នីតិវិធីនៃការ​ជ្រើសរើស​បេក្ខជន ប្រធានគ.ជ.ប និង​ប្រគល់​ភារកិច្ច ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ធ្វើសេចក្តីជូនដំណឹង​ជ្រើសរើស​បេក្ខជន ហើយ​ធ្វើ​របាយការណ៍​ជូនគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវិញ។

អ្នក​នាំពាក្យ​រដ្ឋសភា លោក​ឡេង ប៉េងឡុង​ បាន​ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់កិច្ច​ប្រជុំ​ថា តាមនីតិវិធី ការប្រកាសជ្រើសរើសបេក្ខជនប្រធានគ.ជ.ប ត្រូវធ្វើឡើងរយៈពេល ៥ថ្ងៃ ហើយតាមច្បាប់ គឺគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត ជាអ្នកស្នើដាក់បេក្ខជន។ តាម​រដ្ឋសភា បេក្ខជនដែលត្រូវជ្រើសរើស គឺត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមសេចក្តីប្រកាស។

សូម​រម្លឹកជូនថា លោក ស៊ិក ប៊ុនហុក ត្រូវបាន​រដ្ឋសភា បោះឆ្នោតតែងតាំង​ជាប្រធានគ.ជ.ប ក្រោយ​ការ​ស្រុះស្រួល​នយោបាយ​រវាងគណបក្ស​ប្រជាជន​កម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ កាលពីអំឡុងខែមេសា ឆ្នាំ ២០១៥។ លោក​ស៊ិក ប៊ុនហុក បាន​កាន់​ការងារជាប្រធានគ.ជ.ប តាំងពីឆ្នាំ ២០១៥ រហូត​មក​ដល់​បច្ចុប្បន្ន​ជាមួ​យសមាសភាព ៨​រូប​ទៀត។

ក្នុងរយៈពេល​កាន់តំណែងជិត ៦ឆ្នាំមកនេះ លោក​ស៊ិក ប៊ុនហុក បានដឹកនាំគ.ជ.ប សម្រេច​បាន​ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ ឆ្នាំ២០១៩៕

Click to comment

Leave a Reply

Your email address will not be published.

Facebook