រាជធានីភ្នំពេញ ៖ តាមរយៈស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានប្រគល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿង ដល់ក្រសួងសុខាភិបាល ។
ពិធីប្រគល់ទទួលរថយន្តគិលានសង្គ្រោះ៣០គឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា ។
ពិធីប្រគល់ទទួលត្រូវបានប្រារព្ធឡើង នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំង ឱសថកណ្ដាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។
ជំនួយនេះ គឺផ្នែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការដែលបានដាក់ចេញជាមួយបណ្តាប្រទេសអាស៊ានដែលត្រូវបានប្រកាសដោយលោក អតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បូកបី ពិសេសកាលពីខែមេសាឆ្នាំមុន ។
គំនិតផ្ដួចផ្តើមនេះ គឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូរីដ១៩ លើកម្រិតសកល ។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជាជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្ត្រដូចជា រថយន្តគិលានសង្គ្រោះ ឧបករណ៍ត្រួតពិនិត្យ កាំ រស្មីអ៊ិច ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោន ឧបករណ៍ផលិតអុកស៊ីសែន និងគ្រែសង្គ្រោះបន្ទាន់ជូនដល់កម្ពុជា ។
ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ និងសម្ភារៈចាំបាច់ផ្សេងទៀត ។ យើងសង្ឃឹមថា ការផ្គត់ផ្ចងទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាល នៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩ ៕