(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជាប្ដេជ្ញាជំរុញអង្ករ៣ ប្រភេទមានអង្ករសែនក្រអូប អង្ករប្រណិត និងអង្ករជីអាយឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីនៅលើឆាកអន្តរជាតិខណៈដែលអង្ករទាំងអស់នោះកំពុងមានវត្តមាននៅលើទីផ្សារអន្តរជាតិស្រាប់។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថាសហព័ន្ធស្រូវអង្ករកម្ពុជានឹងបន្តផែនការរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីអង្ករកម្ពុជាឆ្ពោះ ទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែមានភាពទូលំទូលាយថែមទៀត។ លោកមានគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីជួយដល់កសិករ ធុរជន និងក្រុមហ៊ុននាំចេញអង្ករព្រមទាំងរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច១លានតោនក្នុងមួយឆ្នាំ។

លោកឧកញ៉ាបន្តថា ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសហព័ន្ធស្រូវអង្ករកម្ពុជាបានសហការជាមួយក្រុមហ៊ុនខ្មែរអ៊ីធឺប្រាយ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការផ្សព្វផ្សាយអំពីនិមិត្តសញ្ញាអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។
លោកឧកញ៉ាបញ្ជាក់ថា យើងមិនត្រឹមតែពង្រឹងគុណភាពនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងស្រុកវិញក៏មានការបណ្ដុះបណ្ដាលដល់ប្រជាកសិករឱ្យចេះជ្រើសរើសពូជស្រូវដែលមានគុណភាពនិងស្របតាមស្តង់ដារដើម្បីឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារក្រៅស្រុកផងដែរ។ “ដូចយើងបានដឹងហើយរាជរដ្ឋាភិបាលបានចុះហត្ថលេខាជាមួយចិនដែលហៅថា អេស ធី អេ( FTA) អ្វីដែលសហព័ន្ធយើងកំពុងជំរុញការលក់ទៅចិននោះទី១នឹងក៏ល្អប្រឌិតទី២អង្ករដែលយើងកំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធដែលស្ថាប័នយើងមានជាមួយនឹងអូស្ត្រាលីជាមួយនឹងខ្មែរអីនធឺប្រាយជាមួយនឹងគម្រោងផ្សេងទៀតពីធ្វើការកសាងនូវកេរ្តិ៍ឈ្មោះអង្ករសែនក្រអូបហើយទី៣ គឺប្រភេទអង្ករ ជីអាយគឺជាប្រភេទអង្ករកំណត់ភូមិសាស្រ្តអ៊ីចឹងសហព័ន្ធបានកំណត់ផែនការយើងដើម្បីសម្រេចនូវអង្ករដែលមានគុណភាពខ្ពស់របស់កម្ពុជាយើងដើម្បីឱ្យយើងអាចឈរជើងនៅលើទីផ្សារធំរបស់យើងបានគឺទីផ្សារចិនហើយដោយឡែកក្រៅពីទីផ្សារចិន”។

សូមបញ្ជាក់ថា អង្ករសែនក្រអូប អង្ករប្រណិត និងអង្ករជីអាយរបស់កម្ពុជាទំាង៣ ប្រភេទនេះ កំពុងមានវត្តមាននៅលើផ្សារអន្តរជាតិស្រាប់ដូចជានៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ទីក្រុងហុង កុង និងប្រទេសចិន ដោយ សារតែអង្ករប្រភេទនេះមានរស់ជាតិឆ្ងាញ់ មានក្លិនក្រអូបឈ្ងុយ៕


