Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានការកើនឡើងជាលំដាប់បើទោះបីជាជួបវិបត្តិកូវីដ-១៩ ក៏ដោយ

(ភ្នំពេញ)៖ ទំហំពាណិជ្ជកម្មទ្វេ ភាគីកម្ពុជា-វៀតណាម មានការកើនឡើងជាលំដាប់បើទោះបីជាជួបវិបត្តិកូវីដ-១៩ ក៏ដោយខណៈរាល់ការនាំទំនិញចេញនិងចូលរវាងប្រទេសទាំងពីរនៅតែដំណើរការជាធម្មតា។
ក្រោយបញ្ចប់ជំនួបរវាងប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិជាមួយឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកសារព័ត៌មានថា នៅឆមាសទី១ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីនៅតែបន្តកើនឡើងជាលំដាប់រវាងប្រទេសទាំងពីរ ក្នុងនោះអ្នកវិនិយោគប្រទេសវៀតណាមនៅកម្ពុជាមានចំនួន២១៤ គម្រោងគិតជាទឹកប្រាក់មានទំហំជាង៣.៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្ដមបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១៨ មានទំហំ៤.៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មមានទឹកប្រាក់ចំនួន ៥.៣ ពាន់លានដុល្លារ ឆ្នាំ២០២០ទំហំពាណិជ្ជកម្មមានទឹកប្រាក់ចំនួន៥.៣៣ ពាន់លានដុល្លារអាមេរិកផងដែរ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតវៀតណាម បានចាត់ទុកថាការរីកចម្រើននៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា- វៀតណាមនេះកើតចេញពីទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរហើយឯកឧត្តមជឿជាក់ថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរនឹងកាន់តែរឹងមាំលើគ្រប់វិស័យ។
ជាមួយគ្នានោះឯកឧត្តម មានសេចក្តីរីករាយក្នុងការបំពេញការងារក៏ដូចជាបានឃើញផ្ទាល់ភ្នែកចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរយៈពេលជិត៤ឆ្នាំនៃការងារការទូតនេះ ហើយបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបានជោគជ័យគឺអាស្រ័យដោយមានការគាំទ្រគ្រប់ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងការបរទេស។ ជាមួយគ្នានេះដែរបើតាមការកត់សម្គាល់ បញ្ជាក់ថា ប្រទេសទាំងពីរមិនត្រឹមតែមានភាពល្អនិងគ្នាក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាលទេ សូម្បីតែថ្នាក់ដឹកនាំផ្ទាល់នៃប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អពីថ្នាក់លើរហូតដល់ថ្នាក់ប្រជាជននិងប្រជាជនផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook