Connect with us

ព័ត៌មានជាតិ

ថ្ងៃទិវាសន្តិភាពអន្តរជាតិ សម្តេចតេជោ ហ៊ុន សែន គូសរំលេចថា មនុស្សគ្រប់រូបត្រូវការសន្តិភាព លើកលែងតែភេរវករប៉ុណ្ណោះចង់បំផ្លាញសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិតមួយច្បាប់ចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា។ ក្នុងសារលិខិតចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចថា សុខសន្តិភាពជាតម្រូវរបស់មនុស្សគ្រប់រូប លើកលែងតែពួកភេរវករប៉ុណ្ណោះដែលមិនត្រូវការសន្តិភាព ហើយចង់បំផ្លាញសុខសន្តិភាពនេះចោល។

«ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា» ជាទិវាប្រវត្តិសាស្ត្រដ៏វិសេសវិសាល ដែលមហាសន្និបាទអង្គការសហប្រជាជាតិលើកទី៥៥ និងប្រទេសសមាជិកទាំងអស់បានអនុម័តជាឯកច្ឆន្ធ ដោយកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាទិវាសន្តិភាពប្រចាំឆ្នាំដើម្បីឧទ្ទិសដល់ការបញ្ឈប់រាល់អារិភាព និងពង្រឹងឧត្តមគតិសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនទាំងអស់នៅក្នុងពិភពលោក។ ទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០នេះ ប្រារព្ធឡើងក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា»

ក្នុងសារលិខិតចូលរួមអបអរសាទរថ្ងៃទិវាសន្តិភាពអន្តរជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមសម្ដែងអំណរសាទរជាមួយបណ្ដាប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់ ដែលបានប្រារព្ធទិវាសន្តិភាពដ៏មហោឡារិកនេះឡើងសំដៅលើកកម្ពស់ការយល់ដឹងពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតី និងពួតដៃគ្នាជាធ្លុងមួយថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាពយូរអង្វែង សម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដើម្បីបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍន៍ និងការរីកចម្រើន។

ប្រទេសកម្ពុជា ត្រូវបានគេដឹងថា ទទួលរងនូវវិនាសកម្ម និងការបែកបាក់ជាតិយ៉ាងខ្លោចផ្សារបំផុតចាប់តាំងពីក្រោយការបែកបាក់អាណាចក្រអង្គរនាសតវត្សរ៍ទី១៣មក។ ព្រោះតែជម្លោះបានធ្វើឱ្យទឹកដីដ៏មហាសាលរបស់កម្ពុជាក្នុងជ្រោយឥណ្ឌូចិនប្រែក្លាយជារួមតូចបន្តិចម្តងៗ។ លុះដល់ដំណាក់កាលចុងក្រោយ គឺរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យកម្ពុជាស្ទើរតែរលាយខ្លាចជាផេះ ព្រោះតែនយោបាយដឹកនាំសម្លាប់រង្គាលរបស់ពួកគេ។

ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងជាតិកម្ពុជាទាំងមូលត្រូវបានស្រោចស្រង់ឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ កម្ពុជា ទទួលបានការរីកចម្រើន និងស្គាល់ការអភិវឌ្ឍន៍ជាថ្មី ក្រោយឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង បញ្ចប់តំបន់អប្បគមន៍ ក្លាយជាប្រទេសតែមួយ មានរបបដឹកនាំ និងគ្រប់គ្រងតែមួយ ក្រោយនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។

ក្នុងសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកនៃសន្តិភាពនៅកម្ពុជា បានគូសរំលេចថា កម្ពុជាទើបតែបានសុខសាន្ត រស់នៅក្នុងសុខសន្តិភាព និងឯកភាពជាតិពេញលេញរយៈពេលជាងពីរទសវត្សរ៍ប៉ុណ្ណោះ ក្រោយពីការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម ការបែកបាក់ រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មាន ជាច្រើនសតវត្សកន្លងមកហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បទពិសោធដ៏ជូរចត់របស់កម្ពុជាពីអតីតកាល និងការអនុវត្តបានយ៉ាងជោគជ័យនូវ «គោលនយោបាយ ឈ្នះ-ឈ្នះ» នៅឆ្នាំ១៩៩៨ បានធ្វើឱ្យប្រជាជនកម្ពុជាស្គាល់ច្បាស់ពីតម្លៃសន្តិភាព និងកាន់តែយល់ពីសារៈសំខាន់មិនអាចខ្វះបាននៃមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ គឺសន្តិភាព និងស្ថិរភាព។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្នុងសារលិខិតនេះថា សុខសន្តិភាពនេះហើយ ដែលបានធ្វើកម្ពុជាមានឱកាសកសាងប្រទេសចេញពីគំនរបាក់បែក គំនរផេះផង់នៃភ្លើងសង្គ្រាម ឆ្ពោះមកកាន់ដំណាក់កាលរីកចម្រើនគួរជាទីមោទនភាព។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ដោយសារសន្តិភាពនេះហើយ ដែលកម្ពុជាមានឱកាសប្រឹងប្រែងងើបឈរដោយខ្លួនឯង ប្រកបដោយមោទនភាពបំផុត កសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ ធានាបាននូវបរិយាកាស អនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន។ នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងទៅ កំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជុំវិញ ៧% ជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០១៨ ក្នុងចំណោមប្រទេសអាស៊ាន គឺកម្ពុជាមានកំណើន សេដ្ឋកិច្ចខ្ពស់ជាងគេ ហើយឆ្នាំ២០១៩ ក៏នៅតែបន្តឈរលើកំពូលតារាងខ្ពស់លើសគេដដែលក្នុង រង្វង់ ៧,១%»

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលដែលបានបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា បានបន្ថែមថា «ការរីកចម្រើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារឹងមាំនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយអាចនិងធ្វើឱ្យសម្រេចបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០% នាបច្ចុប្បន្ន។ ម្យ៉ាងទៀត កម្ពុជារក្សាបានសន្តិសុខការងារដោយអត្រាគ្មានការងារមានប្រមាណ ០,៣% ប៉ុណ្ណោះ»

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចងចាំថា មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយ។ មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយ ជោគជ័យនៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់បែបនេះថា «បើយើងបាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។ ផ្លូវទៅមុខនឹងនៅតែជួបប្រទះឧបសគ្គជាច្រើនទៀត ប៉ុន្តែគ្មានឧបសគ្គណាដែអាចមករារាំងដំណើរ របស់ជាតិយើងបានឡើយ ឱ្យតែយើងរក្សាបាននូវការឯកភាពនិងសាមគ្គីភាពជាតិ ប្តេជ្ញាដាច់ខាត ការពារសន្តិភាពដែលយើងសម្រេចបានមកដោយលំបាក ឱ្យនៅស្ថិតស្ថេរ រឹងមាំ គង់វង្សជានិច្ច មិន អនុញ្ញាតឱ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្ដី»

ក្នុងថ្ងៃទិវាសន្តិភាពអន្តរជាតិនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់ ដែលបានធ្វើពលិកម្មទាំងកម្លាំងកាយ ចិត្តចូលរួមដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ការលើកស្ទួយអធិបតេយ្យជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាអនេកប្បការចំពោះបណ្ដាប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការ អន្តរជាតិនានា ដែលបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាតាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍រៀងរហូតមក ហើយដែលកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដើម្បីបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឱកាសនេះ ថ្លែងអំណរអរគុណដល់ជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់សម្តេច គឺ «អរគុណសន្តិភាព»។ សម្តេចតេជោ បានថ្លែងថា សន្តិភាពនេះ មានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។

ក្នុងទិវាសន្តិភាពអន្តរជាតិនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តមុតមាំជាថ្មី ក្នុងការថែរក្សាឱ្យបាននូវសុខសន្តិភាពនេះ ជាមួយការប្រកាន់ខ្ជាប់នូវភាពម្ចាស់ការលើការងារជាអាទិភាពចម្បងចំនួនពីររួមមាន៖

ទី១៖ ការបន្តរក្សានូវស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍

ទី២៖ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរទប់ស្កាត់អតិផរណា និងការឡើងថ្លៃទំនិញ ក្នុងទីផ្សារ និងការបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់នូវភារកិច្ចចំនួនប្រាំដែលសម្តេចបានដាក់ចេញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ដើម្បីសន្តិភាព សុវត្ថិភាព សុខមាលភាព ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook