Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ​កំពុង​សិក្សា​ចង់​បង្កើត​រោងចក្រ​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​នៅ​កម្ពុជា​ក្នុង​ឆ្នាំនេះ​

រាជធានីភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជាបានបង្ហើបថា ក្រុមហ៊ុនម៉ាឡេស៊ីមួយកំពុងសិក្សាចង់បង្កើតរោងចក្រសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅពាក់កណ្ដាលឆ្នាំ២០២១នេះ។ ក្រុមហ៊ុននេះ កំពុងសិក្សាបង្កើតរោងចក្រនៅខេត្តដែលមានសក្ដានុពលចំនួន២ គឺខេត្តកំពង់ធំ និងខេត្តក្រចេះ។

លោក ម៉ា វុឌ្ឍី អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៧មិថុនានេះថា ក្រុមហ៊ុនម៉ាឡេស៊ីមួយបានទាក់ទងមកកាន់សមាគមស្វាយចន្ទីកម្ពុជា ក្នុងការកំណត់ទីតាំងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី។ លោកលើកឡើងថា ខេត្តកំពង់ធំ និងខេត្តក្រចេះ ត្រូវបានសមាគមដាក់ឲ្យជ្រើសរើសព្រោះខេត្តទាំងនេះមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើន និងគ្រាប់ស្វាយមានគុណភាពល្អ។

លោកថា៖«ប៉ុន្មានខែមុនគេទាក់ទងមកសមាគមដើម្បីចង់បានព័ត៌មាន។ យើងក៏បានផ្ដល់ព័ត៌មានទៅឲ្យគេដើម្បីឲ្យគេមានជម្រើសខាងក្រចេះ និងកំពង់ធំ ដោយសារនៅកំពង់ធំហ្នឹងមានផ្ទៃដីដាំស្វាយចន្ទីច្រើន ហើយគុណភាពគ្រាប់រស់ជាតិឆ្ញាញ់ជាងគេ»។

លោកបន្តថា សមាគមមិនទាន់ទទួលបានរបាយការពីទំហំនៃការផលិតរបស់រោងចក្រមួយនេះឡើយ ប៉ុន្តែលោកថា ប្រសិនបើមានការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនោះ កសិកនឹងទទួលឱកាសការងារកាន់តែច្រើន ហើយគ្រាប់ស្វាយចន្ទីនឹងមានតម្លៃខ្ពស់ជាងការនាំចរញទៅកាន់វៀតណាម។

លោកថា៖«ផលប្រយោជន៌ធំជាងគេ គឺយើងបានតម្លៃគ្រាប់កាន់តែខ្ពស់ ហើយនឹងផ្ដល់ការងារដល់បងប្អូនកសិករដែលនៅជិតរោងចក្រហ្នឹង។ ទីមួយយើងចង់បានតម្លៃបន្ថែមលើគ្រាប់ ព្រោះរាល់ថ្ងៃនេះយើងនាំចេញទៅវៀតណាមតាមឈ្មួញគឺគាត់ទម្លាក់ថ្លៃ វាអត់មានស្ថេរភាព»។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ក្នុងរយៈពេល៥ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសមានចំនួន ៨០១ ៧៣២ តោន គឺកើនឡើងជាង៣២១% ដោយក្នុងនោះ នាំចេញទៅប្រទេសចិនចំនួន ៣ ៥៦៦ តោន ប្រទេសឥណ្ឌាមានចំនួន១៧តោន ប្រទេសជប៉ុនចំនួន៣៣តោន ប្រទេសឡាវចំនួន២តោន ប្រទេសថៃចំនួន ៣ ១០៨ តោន និងប្រទេសវៀតណាមចំនួន ៧៩៥ ០០៤ តោន។

កាលពីថ្ងៃទី៥មិថុនានេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានបង្ហោះតាមហ្វេសប៊ុកថា ក្រុមហ៊ុនជប៉ុនមួយឈ្មោះ Top Planning Japan Co., Ltd បានសហការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម បានធ្វើឲ្យសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមួយកន្លែង ដែលមានឈ្មោះថាសិប្បកម្មកែឆ្នៃស្វាយចន្ទីជ័យសំបូរ នៅខេត្តកំពងធំ ឱ្យក្លាយទៅជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយបានប្រើប្រាស់ថវិកាអស់ចំនួន២សែនដុល្លារ ក្នុងគោលបំណងដើម្បីលើកកម្ពស់គ្រាប់ស្វាយចន្ទីកម្ពុជា។

លោកបញ្ជាក់ថា សិប្បកម្មនេះ កន្លងមកបានកែឆ្នៃដោយដៃ ប៉ុន្តែនៅពេលដែលមានតម្រូវការច្រើន ក្រុមហ៊ុនជប៉ុនក៏បានផ្តល់ជំនួយបច្ចេកទេស និងប្រាក់កក់មួយចំនួន ដើម្បីមានលទ្ធភាព បង្កើតជារោងចក្រកែច្នៃឡើង។ កាលពីថ្ងៃទី២ មិថុនា សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូងបាននាំគ្រាប់ស្វាយចន្ទីកែច្នៃហើយចំនួន៧៦៩៦គីឡូទៅប្រទេសជប៉ុន។

ក្រសួងកសិកម្មបានអះអាងថា កម្ពុជាមានផ្ទៃដាំស្វាយចន្ទីជាង២សែនហិកតា ប៉ុន្តែបើតាមសមាគមស្វាយចន្ទីកម្ពុជាបានអះអាងថា កម្ពុជាអាចមានផ្ទៃដីដាំស្វាយចន្ទីរហូត៥សែនហិកតា៕

Click to comment

Leave a Reply

Your email address will not be published.

Facebook