Connect with us

ព័ត៌មានទាន់ហេតុការណ៍

វៀតណាម ប្រកាសយកកោះត្រល់ ទៅប្រកួតប្រជែងជាមួយកោះភូកេត និងកោះបាលី

ប្រទេសវៀតណាម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asia Nikkei កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសវៀតណាម បានប្រកាសសម្រេចយកកោះភូគុក ដែលត្រូវបានវៀតណាមប្រសិដ្ឋនាមថា ជាកោះលក្ខណៈទីក្រុង(Island City) ហើយខ្មែរយើងបានដឹងជាកោះត្រល់ ដោយយកទៅប្រកួតប្រជែង​ជាមួយកោះភូកេតរបស់ថៃ និងកោះបាលីរបស់ឥណ្ឌូនេស៊ី​។

ក្រោមមហិច្ឆិតាដ៏ធំមួយនេះដែលធ្វើឲ្យកោះភូគុក មានសមត្ថភាពអាចឈានជើងទៅប្រកួតប្រជែងជាមួយកោះដ៏ល្បីល្បាយរបស់ថៃ និងឥណ្ឌូនេសីនោះគឺដោយសារតែមាន ក្រុមហ៊ុនវិនិយោគក្នុងស្រុកដែលបានរួមចំណែកឲ្យកោះមួយនេះជឿនលឿនដូចបច្ចុប្បន្ន ដែលរួមមាន ក្រុមហ៊ុន Vingroup, Sungroup, BIMgroup, CEOgroup, MIKgroup, និង ក្រុមហ៊ុន Milltol។ លើសពីនេះទៀត ជាមួយនឹងព្រលានយន្តហោះនិងកំពង់ផែលើកោះនេះផ្ទាល់ បានបង្កើនសកម្មភាពពាណិជ្ជកម្ម សេវាកម្មចំនួន ១៩%រៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Vingroup បានវិនិយោគទឹកប្រាក់ចំនួន២,៨ពាន់លានដុល្លារ នៅលើកោះនេះ។ សួនកម្សាន្តកាស៊ីណូ និងទីលានវាយកូនហ្គោល បានចាប់ដំណើរការជាស្ថាពរ ហើយចំនួនបន្ទប់សណ្ឋាគារបានកើនឡើងរហូតដល់១២ ០០០បន្ទប់។

កោះភូគុកស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តជាប់មាត់សមុទ្រ គៀនហ្សាង របស់វៀតណាម ដែលចំណូលថវិកាជាតិ ដែលទទួលបានពីកោះនេះតែឯងមានចំនួនលើស ៤០%នៃចំណូលថវិកាសរុប ដែលទទួលបានពីខេត្ត គៀនហ្សាងទៅទៀត។

សូមបញ្ជាក់ថា វៀតណាមបានដាក់ផែនការរវាងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ គោលដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម រួមមានវិស័យទេសចរណ៍ កសិកម្មបច្ចេកវិទ្យាបែបទំនើប វិស័យដឹកជញ្ជូន រោងចក្រថាមពលអគ្គិសនី ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃសំណល់ ការនេសាទ ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ ជាមួយនឹងការថែរក្សាសុខភាពដែលមានគុណភាពខ្ពស់ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook