Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនបូមប្រេងនៅកម្ពុជា KrisEnergy ប្រកាសសុំក្ស័យធន ព្រោះចំណូលមិនគ្រប់សងបំណុល

រាជធានីភ្នំពេញ៖ ប្រតិបត្តិករបូមយកប្រេងចេញពីទឹកដីកម្ពុជានៅអណ្ដូងអប្សរា ក្រុមហ៊ុន KrisEnergy បានប្រកាសថាខ្លួនមិនអាចសងបំណុលបានទេ ហើយនឹងដំណើរការបិទក្រុមហ៊ុនលក់ទ្រព្យសងបំណុល (liquidation) ឆាប់ៗនេះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនា កន្លងមកនេះ។

ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន KrisEnergy ក៏បានផ្ញើពាក្យសុំបិទក្រុមហ៊ុន ដើម្បីលក់ទ្រព្យយកប្រាក់សង់បំណុល (ឬWinding Up Petition) ទៅកាន់តុលាការនៃកោះ Cayman នៃប្រទេសអង់គ្លេសរួចមកហើយ។ ដោយឡែក កាលបរិច្ឆេទសវនាការ នឹងបញ្ជាក់នៅពេលក្រោយ ។

ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនពិចារណាយ៉ាងដិតដល់លើកត្តាមួយចំនួនដូចជា ៖

(ក) បំណុលរបស់ក្រុមហ៊ុន គឺច្រើនលើសពីតម្លៃនៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន
(ខ) លំហូរសាច់ប្រាក់ពីការបូមប្រេងនៅអណ្ដូងអប្សារាដំណាក់កាលទី ១ គឺទាប ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចស្នើម្ចាស់បំណុលបន្ធូរបន្ធយការបង់បាន (ឬមិនអាចសុំរៀបចំកម្ចីឡើងវិញបាន)។
(គ) ក្រុមហ៊ុនគ្មានជម្រើសផ្សេងទៀតដើម្បីរៀបចំកម្ចីឡើងវិញ
(ឃ) កង្វះខាតទុនវិនិយោគថ្មីៗដែលហូរចូលមកក្នុងក្រុមហ៊ុន

ទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុន កាលពីខែមេសា ធ្លាប់បានប្រកាសថាផលិតកម្មប្រេងពីអណ្តូងទាំង ៥ នៅតំបន់អប្សារា គឺទាបជាងការរំពឹងទុកដែលផ្តល់ប្រាក់ចំណូលតិច និងប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ។

គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។

គួរបញ្ជាក់ផងដែរ ការបូមបប្រេងជាលើកដំបូងនៅកម្ពុជាចាប់ផ្តើមកាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០២០។ ប៉ុន្តែមុនពេលចាប់ផ្ដើមនេះ ក្រុមហ៊ុន KrisEnergy ក៏បានជួបនឹងបញ្ហាជាច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដែលបណ្តាលឱ្យមានការពន្យារពេលនៃការបូមប្រេងជាច្រើនលើកច្រើនសា ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook