Connect with us

ព័ត៌មានជាតិ

ពន្ធដារប្រកាសឲ្យម្ចាស់អចលនទ្រព្យ អញ្ជើញមកបង់ពន្ធឲ្យបានទាន់ពេល

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរំលឹកការប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លី មិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា អនុលោមតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាស លេខ ២២៤ ប្រក.សហវ.ពដ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៦ ស្តីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លី មិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះ នៅឡើយ។

ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យនិង/ ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹក ដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ចំពោះការខកខាន មិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យទាំងអស់ ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធ ឲ្យបានទាន់ពេលវេលាកំណត់ខាងលើ ជាពុំខាន៕

Click to comment

Leave a Reply

Your email address will not be published.

Facebook